ក្រសួងសុខាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដាបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺអុតស្វាដំបូងរបស់ប្រទេសលើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំម្នាក់នៅកោះភូកេតភាគខាងត្បូង។
យោងតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់ លោក អូប៉ាស់ កាន់កាវីនពុង (Opas Karnkawinpong) បានឱ្យដឹងថា បុរសដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ារូបនោះ បាននិយាយថាគាត់បានធ្លាក់ខ្លួនឈឺប្រហែលមួយសប្តាហ៍ហើយ។
ការកើនឡើងការឆ្លងមេរោគអុតស្វាត្រូវបានរាយការណ៍តាំងពីដើមខែឧសភានៅក្រៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចនិងកណ្តាល ទីដែលជំងឺនេះបានចប់ជាយូរមកហើយ។
គណៈកម្មាធិការអ្នកជំនាញជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោក (WHO)បានប្រជុំកាលថ្ងៃព្រហស្បតិ៍ទី២១កក្កដាដើម្បីសម្រេចថាតើត្រូវធ្វើការជូនដំណឹងកំពូលដែលកម្រប្រើរបស់ WHOចំពោះការផ្ទុះឡើងនៃមេរោគនេះកាន់តែអាក្រក់ទៅៗនេះឬអត់។
អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា ករណីជាង ១៤.០០០ ពីប្រទេសសមាជិកចំនួន ៧១ នៅទូទាំងតំបន់ទាំងប្រាំមួយរបស់ WHOត្រូវបានរាយការណ៍ទៅទីភ្នាក់ងារអ.ស.បនេះនៅឆ្នាំនេះ។
វេជ្ជបណ្ឌិត រ៉ូសាមុន ឡេវីស (Rosamund Lewis) ជាអ្នកដឹកនាំបច្ចេកទេសរបស់ WHO សម្រាប់ជំងឺអុតស្វា បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា៩៨ភាគរយនៃករណីដែលបានរាយការណ៍គឺ “ស្ថិតក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស (MSM) និងអ្នកដែលមានដៃគូអនាមិកឬដៃគូថ្មី”។
យោងតាម WHO បានឱ្យដឹងថា ពួកគេភាគច្រើនមានអាយុក្មេងហើយភាគច្រើននៅក្នុងតំបន់ទីក្រុង។
ហើយបើយោងតាមការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយក្នុងទស្សនាវដ្តី New England Journal of Medicine កាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដាបានឱ្យដឹងថា ៩៥ភាគរយនៃករណីជំងឺអុតស្វាគឺឆ្លងតាមរយៈសកម្មភាពរួមភេទ។
សរុបជារួម ៩៨ភាគរយនៃអ្នកឆ្លងជំងឺអុតស្វាគឺជាបុរសខ្ទើយ ឬ បុរសរួមភេទជាមួយបុរសដូចគ្នា ក្នុងនោះមាន ៤១ ភាគរយឆ្លងហ៊ីវ និង អាយុជាមធ្យមគឺ៣៨ឆ្នាំ៕