ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញប្រជាពលរដ្ឋដែលប្រកបមុខរបរ ដាំដំណាំមៀនប៉ៃលិន «ហៅតាង៉ែន» កំពុងត្រៀមខ្លួនរៀបចំប្រមូលផលជាបណ្តើរៗបេះលក់ឱ្យឈ្មួញហើយ ខណ:តម្លៃទីផ្សារ ហាក់ដូចជាមានការឡើងខ្ពស់ជាងឆ្នាំមុនៗបន្តិច ធ្វើឱ្យពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយម្នាក់ៗសង្ឃឹមថា អាចនឹងបេះលក់ឱ្យឈ្មួញ បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ សោភ័ណ អាយុ៤៥ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានជួល ដើមមៀនប៉ៃលិន ហៅតាង៉ែន ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួនជាង១០០ដើម ដោយរហូតមកដល់ពេលនេះ ផ្លែឈើនេះ ចាប់ផ្តើមទុំជាបណ្តើរៗហើយ ខណ:ដែលឈ្មួញទិញក្នុងតម្លៃខ្ពស់ជាងឆ្នាំមុន គឺ១គីឡូក្រាម តម្លៃ៤៥០០រៀល ជាហេតុធ្វើឱ្យគាត់មានការសប្បាយចិត្តស្ទើរតែលោតរាំ។
គាត់បន្តទៀតថា កាលពីឆ្នាំមុនៗ តម្លៃទីផ្សារតាង៉ែន មានការធ្លាក់ចុះយ៉ាងគំហុក ដោយឈ្មួញទិញត្រឹមតែ ១គីឡូក្រាម តម្លៃ២០០០ទៅ២៥០០រៀលប៉ុណ្ណោះ ជាហេតុធ្វើឱ្យអ្នកដាំដំណាំមួយនេះ មិនចំណេញនោះឡើយ ព្រោះត្រូវចំណាយច្រើនទៅលើជី ថ្នាំកំចាត់ សត្វល្អិត ថ្លៃបូមទឹកស្រោច តែងមែក ជួលកម្មករប្រមូលផល ស្ទើរតែបោះបង់ចោលទាំងស្រុងទៅហើយ រហូតដល់អ្នកខ្លះកាប់ដើមចោលអស់ពីចំការ ដោយងាកបែរទៅដាំដំណាំផ្សេងៗ ដូចជា ពោតក្រហម ដំឡូងមី និងដំណាំស្វាយកែវរមៀតជាដើម។
គាត់បញ្ជាក់ទៀតថា ម៉ូយដែលទិញកសិផលដំណាំតាង៉ែនរបស់គាត់ គឺយកទៅលក់ដូរបន្តរហូតដល់ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ថែមទៀតផង ដោយ១គីឡូក្រាម គេលក់បានតម្លៃ៥០០០រៀល។ រីឯចំការរបស់គាត់នៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានដាក់អកម៉ូនបញ្ចេញផ្ការួចរាល់ហើយ ដែលមានចំនួនជាង៣០០ដើម ហើយនៅរដូវបុណ្យភ្ជុំខាងមុខនេះ នឹងអាចប្រមូលផលលក់ជាបន្តបន្ទាប់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើតម្លៃទីផ្សារផ្លែតាង៉ែន នៅបន្តឡើងថ្លៃខ្ពស់ប្រហែលពេលនេះ អាចឱ្យពួកគាត់មានសង្ឃឹម និងមិនមានចិត្តចង់កាប់ដើមចោល ងាកបែរទៅដាំ ដំណាំផ្សេងទៀតជំនួសទេ។ តែតាមអ្វីដែលគាត់ស្មានដោយសារតែអត់សូវមានអ្នកដាក់អកម៉ូនបញ្ចេញផ្លែ និងអ្នកខ្លះទៀតកាប់ចោលអស់ច្រើន ពោលគឺនៅសល់អ្នកថែទាំដំណាំនេះតិចតួច ទើបតម្លៃទីផ្សារឡើងខ្ពស់បែបនេះ បើនាំគ្នាដាំច្រើនដូចកាលពីមុន ប្រហែលជាថោកដដែល៕