នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២២ នៅក្នុងវត្តពោធិមារាម (ហៅវត្ត ប៉ាហ៊ី) ស្ថិតក្នុងក្រុងប៉ៃលិន ដែលជាវត្តព្រះមេគណខេត្តប៉ៃលិនមានរៀបចំពិធីដង្ហែទៀនព្រះវស្សា ដល់ព្រះសង្ឃចំនួន៤៣វត្ត។ ពិធីនោះធ្វើឡើងក្រោមការផ្តួចផ្តើមនិងអំពាវនាវដោយព្រះរតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិននិងជាព្រះគ្រូចៅអធិការវត្តប៉ាហ៊ី និងសហការជាមួយវត្តព្រះធម្មកាយប្រទេសថៃ ក្រោមការដឹកនាំដោយ ព្រះតេជគុណ ព្រះវិថេតធម្មាផន តំណាងវត្តព្រះធម្មកាយប្រទេសថៃ នឹងមានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា អ្នកឧញ្ញ៉ា ដើម្បីដង្ហែទៀនព្រះវស្សា ប្រគេនព្រះបរមសារីរិកធាតុ ប្រគេនទៀនវស្សានិងទេយ្យទាន ដល់ព្រះសង្ឃ៤៣វត្ត ព្រមទាំងមានការចូលរួមពីបណ្តាវត្តនិងពុទ្ធបរិស័ទ្ធមកពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងពុទ្ធបរិស័ទ្ធមកពីពីប្រទេសថៃផងដែរ។
ព្រះតេជគុណ ព្រះវិថេតធម្មាផន តំណាងវត្តព្រះធម្មកាយប្រទេសថៃ បានមានសង្ឃដីកាថា៖ កម្មវិធីនេះកើតឡើងពីការរួមកម្លាំងសាមគ្គីចិត្តជាមួយគ្នា របស់ពុទ្ធបរិស័ទ្ធ ២ ប្រទេស គឺ វត្តពោធិមារាម ខេត្តប៉ៃលិន ប្រទេសកម្ពុជា ហើយនឹងប្រទេសថៃ។ ដើម្បីជាការភ្ជាប់សម្ព័ទ្ធ ភាពទំនាក់ទំនងដ៏ល្អ រវាងពុទ្ធបរិស័ទ្ធទាំង២ ប្រទេស ព្រមទាំងជាការរក្សា ហើយស្ដារប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អឡើងវិញ ក្នុងការសាងទានកុសល តាមពុទ្ធឱវាទ របស់សម្ដេចព្រះសម្មាសម្ពុទ្ធនិងទំនាក់ទំនងល្អទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រផងដែរ។
ព្រះរតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានមានសង្ឃដីកាថា៖ ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ហើយទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ ជាពិសេសវត្តខេត្តប៉ៃលិនពិតជាមានមោទនភាពណាស់ដែលវត្តព្រះធម្មកាយប្រទេសថៃបានចូលរួមជាមួយសាលាគណខេត្តប៉ៃលិនក្នុងការរៀបចំពិធីបុណ្យនេះឡើងប្រកបដោយភាពឳឡារឹកអធិកធម រវាងប្រទេសកម្ពុជា និងប្រទេសថៃនៅលើទឹកដីខេត្តប៉ៃលិនាពេលនេះ។
នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារ៉ាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំទាំងផ្លូវកាយ ផ្លូវចិត្តឱ្យចេះធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឱ្យបានគង់វង្សយូរអង្វែង។ ហើយសមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិនិងប្រជាជនជាធំ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយជាមួយគ្នានោះ លោកជំទាវ បាន ស្រីមុំ គណះអភិបាលខេត្តប៉ៃលិន តែងគិតគូរយកចិត្តទុកដាក់ខ្ពស់ លើវិស័យព្រះពុទ្ធសាសនា វត្តអារាម និងបុណ្យទានតូចធំនៅទូទាំងខេត្តប៉ៃលិនទៀតផង។
លោកអភិបាលរង បានមានប្រសាសន៍កោតសរសើរដល់ព្រះមេគណខេត្តប៉ៃលិន និងព្រះសង្ឃធម្មកាយប្រទេសថៃ និងពុទ្ធពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានសហការគ្នាល្អក្នុងការដឹកនាំលើផ្លូវពុទ្ធចក្រនិងអាណាចក្រដែលស្ថាប័នទាំងពីរនេះមិនអាចបាត់មួយណាបានឡើយ ម្យ៉ាងវិញទៀតដោយមានសុខសន្តិភាព ទើបយើងអាចរួមគ្នាធ្វើបុណ្យទៀនបានរួមគ្នានាពេលនេះប្រកបដោយភាពអធិកអធមក្រៃលែង។
គួរបញ្ចាក់ផងដែរថាៈ ពិធីបុណ្យនេះមានរយះពេលពីថ្ងៃគិតចាប់ពីថ្ងៃទី១៦-១៧ ខែកក្កដា ២០២២ ហើយមាន ៤៣វត្តចូលរួម ដោយ៤៣វត្តនោះក្នុងមួយវត្តៗទទួលបាន៖ អង្ករ៥០គីឡូ, ទៀន ០១គូ, ចីវរ ០១លាង, មី០១កេស,ទឹកសុទ្ធ ០១កេស, និងបច្ច័យ ៣០០០បាត និងព្រះបរមសារីរិកធាតុ ០១ផងដែរ៕