នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយស្តីពីនិតិវិធីបច្ចកទេសនៃគ្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបតីយភាពលោក ចេង ញ៉ាន់ អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកស្រី ឡាយ សុភា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ។
នៅក្នុងកិច្ចប្រជុំ លោកស្រី ឡាយ សុភា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្តីពីបច្ចកទេសនៃគ្រោងថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ រួចមក លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ណែនាំពីនិតិវិធីនៃបចេ្ចកទេសនៃការរៀបចំគម្រោងថវិកាដល់មន្រ្តីជំនាញថ្នាក់ក្រោមជាតិអោយយល់កាន់ច្បាស់ ព្រោះថាគម្រោងថវិកាទាំងនេះមានសារៈសំខាន់ណាស់ចំពោះការអនុវត្តជាក់ស្តែង ដើម្បីអភិវឌ្ឍន៏មូលដ្ឋានអោយមានការរីកចំរើនជាបន្តបន្ទាប់ សំដៅលើកកំពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អ ស្របតាមយុទ្ធសាស្រ្ត និងបទដ្ឋានគតិយុទ្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ។ទទឹមនឹងនេះលោកក៍បានជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរកប្រភពចំណូលលើ គ្រប់វិស័យ ទាំងចំណូលសារពើពន្ធ និងមិនមែនសាពើរពន្ធ ដើម្បីដាក់ជាថវិការជាតិ អោយមានលទ្ធភាពក្នុងការចំណាយទៅលើការអភិវឌ្ឍន៏ហេដ្ឋារចនាសម័ន្ធនានា រួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម ។
លោក ចេង ញ៉ាន់ អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ការរៀបចំគ្រោងថវិកាគឺត្រូវតែអនុវត្ត ៣ ចំណុចសំខាន់ៗ រួមមាន៖ ទី១/ផែនការយុទ្ធសាស្រ្ត ។ទី២/ប្រជុំរៀបចំថវិកាអោយបានត្រឹមត្រូវ។ និងទី៣/ដំណាលអនុម័តថវិកាដូច្នេះមន្រ្តីជំនាញហិរញ្ញវត្ថុគ្រប់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ត្រូវពង្រឹងសមត្ថភាព និងបំពេញភារៈកិច្ចតួនាទីរបស់ខ្លួនអោយបានល្អ ក្នុងការរៀបចំប្រាក់បៀវត្សជូនដល់មន្រ្តីរាជការ និងរៀបចំផែនការចំណូលចំណាយទៅតាមមុខងារ អង្គភាព ស្ថាប័នរបស់ខ្លួន ប្រកបដោយគុណភាព ត្រឹមត្រូវច្បាស់លាស់ ឆ្ពោះទៅចូលរួមការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីក្រុងរហូតដល់ជនបទ ជាពិសេសកាត់បន្ថយភាពក្រីក្រពីដំណាក់កាលមួយទៅដំណាក់កាលមួយ ក្នុងន័យរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលវែង ប្រកបដោយចីរភាព សមធម៌ និងរក្សាអោយបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះនិងចាំបាច់បំផុត សម្រាប់ឈាននិងសម្រេចបាននូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺសុខដុមរមនាសង្គម និងសុខុមាលភាពប្រជាជន ។ទន្ទឹមនឹងនេះលោកក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់ថ្នាក់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ទាំងអស់ត្រូវចេះរួមសាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ ដើម្បីធ្វើអោយការរៀបចំគម្រោងថវិកា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់៕