ពិធីប្រកាសផ្ទេរភារកិច្ចនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានតុលាការដំបូងខេត្ត ព្រះរាជ្ញាអមសាលាដំបូង ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីនៃសាខាគយ និងរដ្ឋករខេត្តជាច្រើនផងដែរ។
តាមលិខិតបង្គាប់ការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលេខ១៦១៩/២២ អ.គ.រ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំងលោក យឹង សំអន អនុប្រធានសាខាគយ និងរដ្ឋករខេត្តស្វាយរៀងអោយមកបំរើការងារជាប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនជំនួសលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនដែលត្រូវទៅទទួលភារកិច្ចនៅកន្លែងថ្មី។
លោក យឹង សំអន ប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនដែលទើបតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ នឹងខិតខំបំរើការងារប្រមូលពន្ធអាករផ្សេងៗអោយបានលើសផែនការដែលបានគ្រោងទុករបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្រួលពាណិជ្ជកម្មជាតិនិងអន្តរជាតិតាមរយៈការផ្តល់សេវាល្អជូនធុរៈជនដែលបំពេញធុរៈកិច្ចក្នុងដែនសមត្ថិកិច្ចប្រកបដោយតម្លាភាព និងសុក្រិតភាព។ លោកបន្តថា៖ នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អជាមួយស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសអនុវត្តយ៉ាងតឹងរឹងចំពោះទំនិញគេចពន្ធនានា។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ លោក យឹង សំអន ដែលត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ទំនុកចិត្តតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដើម្បីបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករខេត្តឱ្យទទួលបានជោគជ័យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសសម្រេចឱ្យបានតាមផែនការកំណត់ក្នុងការប្រមូលពន្ធនាំចេញ-ចូលប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកអភិបាលរងខេត្តបានបន្តថា៖ ប្រធានថ្មីត្រូវរួមចំណែកផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់អំពីការបង់ពន្ធ និងប្រមូលពន្ធជូនរដ្ឋឱ្យបានច្បាស់លាស់ ពង្រឹងការទប់ស្កាត់នូវបទល្មើសពន្ធអាករគ្រប់ប្រភេទដោយសហការជាមួយកងកំលាំងសមត្ថកិច្ចជំនាញ នឹងត្រូវអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយបានមុតមាំជានិច្ច និងអភិក្រមទាំងបួន ខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ដោយទទួលខុសត្រូវខ្ពស់បំផុត និងត្រូវធ្វើការបណ្តើរសិក្សាស្វែងយល់បណ្តើរ ត្រូវសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកខ្លួនជាអ្នកបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺមិនមែនម្ចាស់លើប្រជាពលរដ្ឋនោះទេ។
ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានធ្វើការណែនាំលោកប្រធានសាខាគយ និងរដ្ឋាករខេត្តថ្មី ត្រូវយកចិត្តទុកដាក់បន្ថែមទៀតបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារប្រមូលចំណូលពន្ធនៅខេត្ត មានការអភិវឌ្ឍរីកចម្រើន។ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ អភិក្រមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យត្រូវមានទំនួលខុសត្រូវខ្ពស់បំពេញការងារដោយបង្ហាញពីចំណេះដឹង និងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹង។
ឯកឧត្តមបានបន្តថា៖ ការផ្លាស់ប្តូរប្រធានសាខា គឺជាការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកៀគរចំណូលថវិកាជាតិ។ ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារឱ្យបានម៉ឺងម៉ាត់ ដោយស្មារតីជំនាញវិជ្ជាជីវៈហើយត្រូវសហជាមួយអង្គភាពពាក់ព័ន្ធ និងបង្កាទប់ការនាំចូលរថយន្តចង្កួតស្តាំ និងទំនិញគេចពន្ធនានា៕