នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលហៅកាត់ថា វ.ស.ស. បានបើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលការងារសង្គមស៊ីវិលនៅមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ហែម ឫទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពនានា និងរដ្ឋបាលក្រុង ស្រុក។
តាមរយៈបទបង្ហាញដោយឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស អង្គប្រជុំបានយល់ច្បាស់អំពី វ.ស.ស. ដែលជាស្ថាប័នរដ្ឋចំណុះទីស្តីការគណៈរដ្ឋមន្រ្តី មានតួនាទីជាស្ថាប័នសម្របសម្រួលការងាររវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីសម្រេចបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល ក្រោមការសម្របសម្រួលពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ វ.ស.ស. មានបេសកកម្មបន្តពង្រឹងតួនាទីអង្គការសង្គមស៊ីវិល ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម ស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសង្គមស៊ីវិលដែលជាដៃគូ និងផ្លាស់ប្តូរទស្សនៈនិងបទពិសោធន៍ការងារទៅវិញទៅមក រវាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេស លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ វ.ស.ស. ក្នុងការចូលរួមចំណែកសម្របសម្រួលការងារអង្គការសង្គមស៊ីវិលនាពេលកន្លងមក ដែលបានបង្កើតឱ្យមានបរិយាកាសល្អប្រសើររវាងរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងគ្រប់ជ្រុងជ្រោយ។ លោកអភិបាលរងខេត្ត បានបញ្ជាក់អំពីតួនាទីនិងសារៈសំខាន់របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្រ្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរជំនាញនិងរដ្ឋបាលមូលដ្ឋានបន្តសហការជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល ដើម្បីសម្របសម្រួលការងាររវាងគ្នាប្រកបដោយភាពស៊ីសង្វាក់ និងមាននិរន្តរភាព សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៕