យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃបានឱ្យដឹងថា អនុមេរោគបំប្លែងអូមីក្រុងឈ្មោះ BA.4 និង BA.5គឺមានសភាពធ្ងន់ធ្ងរជាងអនុមេរោគបំប្លែងអូមីក្រុងដទៃ ហើយមិនសូវខ្លាចអង្គបដិប្រាណនោះទេ។
អគ្គនាយកលោក សូប៉ាគីត ស៊ីរីឡាក់ (Supakit Sirilak) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់គាត់អំពីស្ថានភាពមេរោគ BA.4 និង BA.5 កាលពីថ្ងៃចន្ទទី១១កក្កដាថា ករណី BA.4 និង BA.5 បានកើនឡើងជាលំដាប់នៅទីក្រុងបាងកកក្នុងរយៈពេលបួនសប្តាហ៍កន្លងមកនេះ ពី ១២% ទៅ ៥០% ៦៨% និង ៧២% នៃករណីដែលបានពិនិត្យ។
លោកវេជ្ជបណ្ឌិតសូប៉ាគីតបាននិយាយថា “ករណីភាគច្រើននៅទីក្រុងបាងកកគឺមេរោគ BA.4 និង BA.5 ដូចករណីនាំចូលដែរ”។
លោកបន្តថា ការឆ្លងមេរោគ BA.4 និង BA.5 ក៏បានកើនឡើងជាបន្តបន្ទាប់នៅតាមខេត្តផ្សេងទៀតផងដែរពី ៦% ទៅ ១៧% និង ៣៤% ក្នុងមួយសប្តាហ៍។
លោកវេជ្ជបណ្ឌិតសូប៉ាគីតបាននិយាយថា “ការឆ្លងមេរោគ BA.4 និង BA.5 បានចាប់ផ្តើមវ៉ាដាច់មេរោគ BA.1 និង BA.2 បន្តិចម្តងៗ…។ មេរោគ BA.4 និងBA.5មានការរីករាលដាលខ្លាំងនៅក្នុងទីក្រុងបាងកកជាងខេត្តដទៃទៀត ប៉ុន្តែតាមធម្មជាតិ ស្ថានភាពបែបនេះតែងចាប់ផ្តើមនៅទីក្រុងបាងកក ហើយនឹងរីករាលដាលទៅតំបន់ផ្សេង”។
ទាក់ទងនឹងភាពធ្ងន់ធ្ងរនៃមេរោគ BA.4 និង BA.5 គាត់បាននិយាយថា ៧៧%នៃអ្នកជំងឺដែលរលាកសួតធ្ងន់ធ្ងរនិងស្លាប់នៅក្នុងទីក្រុងបាងកក គឺឆ្លងអនុមេរោគបំប្លែងទាំងពីរប្រភេទនេះ ខណៈ ២៣% នៃពួកគេមានអនុមេរោគបំប្លែងអូមីក្រុង BA.2។
នៅក្នុងខេត្តផ្សេងទៀត មេរោគ BA.4 និង BA.5 ត្រូវបានរកឃើញក្នុងចំណោម ៤៧%នៃអ្នកដែលមានជំងឺរលាកសួតធ្ងន់ធ្ងរនិងអ្នកដែលបានស្លាប់។ ជាង ៣៣% នៃអ្នកជំងឺដែលមានរោគសញ្ញាស្រាល ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមាន BA.4 និង BA.5 ។
លោកវេជ្ជបណ្ឌិតសូប៉ាគីតបាននិយាយថា “ដូច្នេះ ទិន្នន័យពីទីក្រុងបាងកកនិងខេត្តផ្សេងទៀតជាបឋមបង្ហាញថា មេរោគ BA.4 និង BA.5 គឺធ្ងន់ធ្ងរជាង BA.2″៕