ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អាណត្តទី០៥ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានជំរុញដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទីថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ/ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ/សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្នុងនាមជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ ការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដីថ្មី ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីនៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់ ហើយក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំនេះ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិថ្មីទំាងអស់ ត្រូវផ្ដោតការយកចិត្ដទុកដាក់ លើវិស័យជាអាទិភាពមួយចំនួន ដែលមានផលប៉ះពាល់ផ្ទាល់ មកលើតម្រូវការជាក់ស្ដែង និងជាបន្ទាន់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ គ្រួសារយោធិនពលីពិកា ស្រ្ដីម៉េមាយ កុមារ យុវជន ជនជាតិដើមភាគតិច មានដូចជា៖ សេវាទាក់ទងនឹងសុខភាព អប់រំ កសិកម្ម ការកែលម្អបរិស្ថាន និងសេវាសង្គមផ្សេងៗទៀត។
លោកជំទាវ បាន ស្រីមុំ បានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងមូលដ្ឋាន ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា និងការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ/សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើរ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវានានានៅមូលដ្ឋាន ហើយបញ្ហាគន្លឹះសំខាន់គឺភារកិច្ចរបស់តួអង្គស្នូលសំខាន់គឺមេឃុំ ចៅសង្កាត់ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និងមេភូមិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ក្រើនរំលឹក ដល់អាជ្ញាធរឃុំ/សង្កាត់ អណត្តិទី៥ ទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕
សូមបញ្ជាក់ថា៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង និងជំទប់ អណត្តិទី៥ គឺឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សមាសភាពក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៧រូប ក្នុងនោះ លោក ជា យ៉ុន ជាប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ, លោក វ័រ រួម ជាជំទប់ទី១ និងលោក អ៊ុក សារី ជាជំទប់ទី២ ៕