រាជធានីភ្នំពេញ ៖ កីឡាករ ម៉ន យ៉ារ៉ាញ់ សមាជិកនៃក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា បានដាក់ក្ដីសង្ឃឹមឈ្នះមេដាយម្ដងទៀត នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នាទីក្រុង Solo ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា ទទួលបានមេដាយប្រាក់ ហើយ ម៉ន យ៉ារ៉ាញ់ ក៏ជាផ្នែកមួយនៃក្រុមនេះដែរ។
ម៉ន យ៉ារ៉ាញ់ បាននិយាយពីការត្រៀមខ្លួនថា៖ «ការត្រៀមខ្លួនរបស់ក្រុមខ្ញុំ គឺត្រូវថែរក្សាសុខភាពកុំឲ្យមានជំងឺឆ្លង និងជាពិសេសកុំឲ្យមានបញ្ហាឈឺសាច់ដុំ ឈឺសន្លាក់ ពេលហ្វឹកហាត់ ។ អ៊ីចឹង យើងហាត់អត់សូវបុកខ្លាំងទេ ។ យើងហាត់លក្ខណៈពង្រឹងបច្ចេកទេស ប៉ុន្តែអត់ខ្លាំងពេកទេ ដោយយើងបន្ធូរខ្លះ។ ការហ្វឹកហាត់ប្រចាំថ្ងៃ គឺហ្វឹកហាត់រក្សាបច្ចេកទេសឲ្យលេងត្រូវចង្វាក់គ្នា ហើយយើងក៏ព្យាយាមមើលដៃគូរបស់យើងដែរ ថាដៃគូយើងជាអ្នកណា ហើយគេខ្លាំងអី គេខ្សោយអីសិក្សាពីគេ»។
ម៉ន យ៉ារ៉ាញ់់ បានបង្ហើបឲ្យដឹងទៀតថា ក្រុមទាំងមូល បាននិងកំពុងហ្វឹកហាត់បិទខ្ទប់ ហើយរបបអាហារក៏ជារឿងចាំបាច់នៅក្នុងអំឡុងពេលនេះផងដែរ ជាមួយនឹងការទទួលទានអាហារមានសារជាតិចិញ្ចឹមច្រើន រួមទាំងការរក្សាកម្លាំង ការរក្សាសុខភាព និងជាពិសេសជៀសវាងការប្រើប្រាស់សារធាតុហាមឃាត់។ សម្រាប់ក្ដីសង្ឃឹមរបស់ក្រុមកីឡាបាល់ទះជនពិការយើង នៅក្នុងអាស៊ានប៉ារ៉ាហ្គេមនេះ គឺយើងសង្ឃឹមច្រើន សង្ឃឹមថានឹងបានមេដាយ ព្រោះពីមុនយើងធ្លាប់ទទួលបានមេដាយម្ដង អ៊ីចឹងយើងមានជំនឿជាក់លើខ្លួនឯងច្រើន ។ ហើយសម្រាប់ដៃគូប្រកួតជាមួយយើង គឺយើងធ្លាប់ប្រកួតជាមួយគ្នាច្រើនដងហើយ អ៊ីចឹងយើងអាចស្គាល់ពីគាត់ច្បាស់។
«ប្រទេសដែលខ្ញុំគិតថាពិបាកប្រកួតប្រជែងមាន ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ព្រោះដូចជាថៃ មានកីឡាករថ្មីៗច្រើន ហើយការហ្វឹកហាត់របស់គេល្អជាងយើង ហើយធនធានកីឡាករគេ គឺគេដើរមុនយើង ។ ចំណែកមីយ៉ាន់ម៉ា គេជាម្ចាស់មេដាយមាស កាលពីអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី ហើយមួយទៀតឥណ្ឌូណេស៊ី ព្រោះអីយើងអត់ដែលឃើញគេប្រកួត និងលេងជាមួយគេ និងអត់ដឹងសមត្ថភាព បច្ចេកទេសគេបែបម៉េច»។ (ម៉ន យ៉ារ៉ាញ់ បានសង្គត់ធ្ងន់) ។
ម៉ន យ៉ារ៉ាញ់ កើតថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០០ នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមលេងកីឡាបាល់ទះអង្គុយ នៅឆ្នាំ២០១៦ ហើយបានជាប់ជម្រើសជាតិ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ៕