នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ និងលើកទិសដៅបន្តសម្រាប់ ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃ គណះអភិបាលខេត្តប៉ៃលិន ។
ការបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិននាពេលនេះ ធ្វើឡើងបន្ទាប់ អង្គសន្និបាតបានដំណើរការអស់រយៈពេល២ថ្ងៃ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ប្រធានការិយាល័យក្រុងស្រុក និងលោកគ្រូ-អ្នកគ្រូជាច្រើននាក់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា សន្និបាតប្រចាំឆ្នាំរបស់មន្ទីរអប់រំធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។ លោកប្រធានបានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ បានដំណើរការប្រកបដោយភាពល្អប្រសើរ និងរស់រវើក ហើយមានបទបង្ហាញ អន្តរាគមន៍ ប្រកបដោយខ្លឹមសារសំខាន់ៗ ដោយបានឆ្លុះបញ្ចាំងអំពីបរិបទនៃកំណែទំរង់វិស័យអប់រំ យុវជននិងកីឡា ដែលជាការឆ្លើយតបនិងកម្មវិធិស្តារនិងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីត១៩ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរខ្ពស់លើជីវភាពរស់នៅបងប្អូន ប្រជាពលរដ្ឋជាពិសេស វិស័យអប់រំផងដែរ ។
លោកប្រធានមន្ទីរបានថ្លែងថា៖ វិស័យអប់រំនៅខេត្តប៉ៃលិន កំពុងតែមានការវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់ ទោះបីជាឆ្នាំសិក្សា២០២០-២០២១ បានរងផលប៉ះពាល់ពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏លទ្ធផល នៅឆ្នាំសិក្សា២០២០-២០២១ នៅខេត្តប៉ៃលិនទទួលបានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន០៦នាក់ និងទទួលបានរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកន្លងមកគួរជាទីមោនភាពទៀតផង។
ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ និងបានកោតសរសើលើថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ ពិសេសក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានខិតខំប្រឹងប្រែងរៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗដូចជា ការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក (Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចការដល់សិស្សានុសិស្ស ការជម្រុញលើការសិក្សារបស់សិស្សបានច្រើន និងការយកចិត្តទុកដាក់ខ្ពស់របស់លោកគ្រូអ្នកគ្រូលើវិស័យអប់រំ។
នាឱកាសនេះឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ពិសេសលើគ្រូបង្រៀនតែម្តងដើម្បីឲ្យប្រព័ន្ធអប់រំក្នុងខេត្តកាន់តែមានភាពរឹងមាំនិងល្អប្រសើបន្ថែមទៀត៕