កំពត៖រដូវវស្សាចូលមកដល់ព្រះភិរុណចាប់ផ្ដើមបង្អុរទឹកភ្លៀងស្រោចស្រពផែនពសុធាឱ្យស្រស់បំព្រង ធម្មជាតិដែលបានរុះរោយព្រោះកំដៅថ្ងៃចាប់ផ្ដើមលាស់ត្រួយខ្ចីបង្អួតសម្រស់គ្នា ។ ធ្លាប់ដឹងទេថា ពេលមេឃភ្លៀងធ្លាក់ជាពេលវេលាដ៏ល្អសម្រាប់គូស្នេហ៍កសាងអនុស្សាវរីយ៍ តែក៏ពេលជាពេលដ៏ឯកាបំផុតសម្រាប់មនុស្សអត់គ្នា ។ ចុះបើពេលនេះ អ្នកកំពុងជិះរថភ្លើងជាមួយមនុស្សដែលខ្លួនស្រឡាញ់ស្របពេលមេឃកំពុងភ្លៀង តើពិសេសយ៉ាងណាទៅ? វាពិតជាផ្អែមខ្លាំងប្រៀបដូចភាពយន្តស្នេហាបានកើតឡើងពិតៗដូច្នេះដែរ ។
ពីភ្នំពេញទៅកំពតតាមរថភ្លើង រដូវធ្លាក់ភ្លៀងបែបនេះ គឺជាពេលវេលាដ៏អស្ចារ្យដែលអ្នកគួរសាកល្បងឱ្យបានម្ដងនៅក្នុងជីវិត អនុញ្ញាតឱ្យអារម្មណ៍របស់អ្នកបានដឹងថាអ្វីទៅដែលហៅថាសេចក្ដីសុខដ៏ពិតប្រាកដនោះ ។ ភ្នំពេញទៅកំពត អ្នកអាចធ្វើដំណើរដោយរថភ្លើងរបស់ក្រុមហ៊ុន Royal Railway Cambodia ដោយចំណាយពេលប្រមាណតែ ៦ ឬ ៧ ម៉ោងប៉ុណ្ណោះ ។
នៅតាមដងផ្លូវអ្នកនឹងបានឃើញពីជីវភាពរបស់អ្នកស្រុក ឃើញផ្ទះសម្បែង គោក្របី ពិសេសនោះជិះកាត់វាលស្រែល្វឹងល្វើយឃើញសំណាប សន្ទូង ចាប់ផ្ដើមលាស់បៃតងខ្ចី ធ្វើឱ្យអ្នកមិនដឹងសោះថាពេលវេលា ៧ ម៉ោងពិតជាដើរលឿនមែន៕