ប៉ៃលិន៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ជូនដល់ប្រជាពលរដ្ឋ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយឈរលើស្មារតីយុត្តិធម៌ និងឈ្នះទាំងអស់គ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយបានជំរុញដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋ ត្រូវមានឆន្ទះមុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ ដោយមិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន។
លោកអភិបាលខេត្ត បានមានប្រសាសន៍នៅចំពោះមុខភាគីពាក់ព័ន្ធទាំងអស់ថា៖ ដើម្បីដោះស្រាយបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការនេះ អោយស្របតាមគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នានោះ តម្រូវឱ្យភាគីទាំងសង្ខាង បើកចិត្តឱ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក ព្រោះថានៅចំពោះមុខនេះ គឺសុទ្ធតែជាសាក្សីដែលដឹងឮទាំងអស់។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះយន្តការដោះស្រាយទំនាស់ នៅក្រៅប្រព័ន្ធតុលាការនេះ គឺផ្អែកទៅលើគោលការណ៍ច្បាប់ និង ការឯកភាពគ្នា ហើយដោះស្រាយតែករណីទំនាស់ណា ដែលមិនទាន់បញ្ជូនទៅដល់ដៃតុលាការតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយការចំនាយ ទាំងពេលវេលា និងថវិកា ព្រមទាំងចូលរួមការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ដោយឈរលើស្មារតីយុត្តិធម៌ និងឈ្នះទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ បានជួយសម្រួលកុំឲ្យមានសំណុំរឿងច្រើននៅតុលាការ ហើយវាជាយន្តការមួយដែលនាំឲ្យភាគីជម្លោះឈ្នះៗដូចគ្នា តែយ៉ាងណា ការដោះស្រាយនេះ អាចធ្វើឡើងតែចំពោះករណីព្រហ្មទណ្ឌតូចតាច និងសំណុំរឿងរដ្ឋប្បវេណីតែប៉ុណ្ណោះ៕