ប៉ៃលិន៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោះខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ប្រធានតុលា ព្រះរាជ្ញាអមសាលាដំបូង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មន្ត្រីរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោគបាយ អង្គការសង្គមស៊ីវិលផងដែរ។
តាមរបាយការណ៍លើកឡើងរបស់ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអោយដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ចំនួនគណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីបេក្ខជនជាផ្លូវការមានចំនួន ០៥គណបក្ស រួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះសរុបចំនួន ១៣៦នាក់ ស្រី ៤២នាក់ ២-គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះសរុបចំនួន ១០៤នាក់ ស្រី ៤៨នាក់ ៣-គណបក្សសញ្ជាតិកម្ពុជា មានបេក្ខជនឈរឈ្មោះសរុបចំនួន ១៥នាក់ ស្រី ៧នាក់ ៤- គណបក្សភ្លើងទៀន មានបេក្ខជនឈរឈ្មោះសរុបចំនួន ១០៥នាក់ ស្រី ៤០នាក់ និង ៥-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេក្ខជនឈរឈ្មោះសរុបចំនួន ១០នាក់ ស្រី ០៦នាក់ ហើយលទ្ធផលបោះឆ្នោតបឋមទូទាំងខេត្តរួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ២៥៤៤៦សំលេង, គណបក្សភ្លើងទៀន ទទួលបានចំនួន ៥០៩៥សំលេង, គណបក្សខ្មែររួបរួមជាតិ ទទួលបានចំនួន ៥៤៤សំលេង,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ២០សំលេង និងគណបក្សសញ្ជាតិកម្ពុជា ទទួលបានចំនួន ០៧សំលេង៕
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តន៍ គោរពច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និង សេចក្តីថ្លៃថ្នូរ ធ្វើអោយការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ខាងផ្នែកនយោបាយ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ជាសាក្សី ពីអ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយផងដែរ។
លោកជំទាវអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ត្រូវបានមតិជាតិ និង អន្តរជាតិ ធ្វើការវាយតម្លៃថា មានលក្ខណៈល្អប្រសើរ ជាងការបោះឆ្នោតមុនៗ នេះជាការសរបញ្ជាក់អោយឃើញថា នៅកម្ពុជាបាននឹងកំពុងឈានទៅមុខ ក្នុងការអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមទិសដៅត្រឹមត្រូវ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនកិច្ចសហការអោយបានកាន់តែល្អ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គ្រប់លំដាប់ថ្នាក់ និង អ្នកពាកព័ន្ធផ្សេងៗទៀត ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម អោយកាន់តែល្អប្រសើរ សម្រាប់ការបោះឆ្នោតអណត្តិបន្តៗទៀត ៕