ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិនបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានញ្ជើញចូលរួមពីប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះរាជ្ញាអមសាលាដំបូង សមាជិកសមាជិកការគណៈកម្មការរៀបចំការបោះឆ្នោត និងតំណាងគណបក្ស នយោគបាយ អង្គការសមាគមន៍ផងដែរ។
លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានប្រសាសន៍បើកសន្និបាតថា៖ សិក្ខាសាលាឬសន្និតបាតនេះគឺជាវេទិការមួយដ៏មានសារៈសំខាន់ក្នុងការបង្ហាញនូវរាល់សមិទ្ធផល ដែលសម្រេចបាន និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនានា ដែលបានកើតឡើងក្នុងរយៈពេលកន្លងទៅ ដើម្បីពិភាក្សាដងស្រង់នូវបទពិសោធន៍ល្អៗ ព្រមទាំងប្រមូលផ្តុំមតិយោបល់ដែលជាធាតុចូលដ៏សំខាន់សម្រាប់ចងក្រងជាទិសដៅការងារនាឆ្នាំខាងមុខ ដើម្បីកំណត់បាន ជាត្រីវិស័យសម្រាប់ជំរុញឲ្យកាន់តែប្រសើរឡើងក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាក៏ដូចជាក្រសួងស្ថាប័នសាមី។ លោកបានបន្តថា៖ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះគឺមានគោលបំណងផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងពិនិត្យមើលពីបញ្ហាប្រឈមដើម្បីពិភាក្សារិៈរកដំណោះស្រាយល្អៗ សម្រាប់ដំណើរការងារនាពេលខាងមុខឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោកក៏បានជម្រុញដល់សិក្ខាកាមនិងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសន្និបាតនេះត្រូវខិតខំរួមគ្នាធ្វើការវាយតម្លៃ និងរួមជាមតិយោបល់ អំពីបទពិសោធន៍ និងសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម មូលហេតុ នៃបញ្ហាប្រឈម និងជម្រើសផ្សេងៗសម្រាប់ជាដំណោះស្រាយ ដែលជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធិភាព ក្នុងការអនុវត្តការងារសម្រាប់ឆ្នាំខាងមុខរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឲ្យសម្រេចបានតាមការរំពឹង ទុក។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ បាន ស្រីមុំអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុងស្រុក អង្គភាពពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងពេញលេញ ក្នុងការរក្សាការពារ សន្តិសុខ សុវត្ថិភាព ដល់មន្រ្តីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ការិយាល័យបោះឆ្នោតទាំង១១៨ ការិយាល័យគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតទាំង០៨ និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគ្រប់គណបក្សនយោបាយ ភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋទូទៅបានយ៉ាងល្អ ដែលធ្វើឲ្យដំណើរការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អគួជាទីពេញចិត្ត។
សូមបញ្ជាក់ថា៖ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេលមួយថ្ងៃពេញដែលមានប្រធានបទចំនួន០៤លើកមកពិភាក្សារួមមាន៖ ១, សមិទ្ធផលនិងបញ្ហាប្រឈមក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២, សមិទ្ធផលនិងបញ្ហាប្រឈមក្នុងដំណាក់កាលចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ៣, សមិទ្ធផលនិងបញ្ហាប្រឈមក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងទី៤, សមិទ្ធផលនិងបញ្ហាប្រឈមក្នុងដំណាក់កាលបោះឆ្នោតនិងរាប់សន្លឹកឆ្នោត។ ហើយចំនួនគណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីបេក្ខជនជាផ្លូវការមានចំនួន០៥គណបក្សនយោបាយរួមមាន៖ ១, គណបក្សប្រជាជនកម្ពុជាមានបេក្ខជនឈរឈ្មោះសរុប១៣៦ នាក់ ស្រី៤២នាក់ ២, គណបក្សខ្មែររួបរួមជាតិមានបេក្ខជនឈរឈ្មោះចំនួន១០៤នាក់ ស្រី ៤៨នាក់ ៣, គណបក្សសញ្ជាតិកម្ពុជាមានបេក្ខជនឈរឈ្មោះចំនួន ១៥នាក់ ស្រី ៧នាក់ ៤, គណបក្សភ្លើងទៀនមានបេក្ខជនឈរឈ្មោះចំនួន១០៥នាក់ ស្រី ៤០នាក់ និងទី៥, គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានបេក្ខជនឈរឈ្មោះចំនួន១០នាក់ ស្រី ០៦នាក់ ។ ហើយលទ្ធផលបោះឆ្នោតបឋមទូទាំងខេត្តរួមមាន៖ គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ២៥៤៤៦សំលេង, គណបក្សភ្លើងទៀតទទួលបានចំនួន ៥០៩៥សំលេង, គណបក្សខ្មែររួបរួមជាតិទទួលបានចំនួន ៥៤៤សំលេង,គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន ២០សំលេង និងគណបក្សសញ្ជាតិកម្ពុជាទទួលបានចំនួន ០៧សំលេង៕