ត្រប់វែងផ្តល់នូវជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើន តម្រូវការប្រចាំថ្ងៃរបស់មនុស្សដូចជាជាតិសរសៃ ទង់ដែង ម៉ង់ហ្គាណែសB-៦ និងជាតិ Thiamine វាក៏ផ្ទុកវីតាមីន ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C វីតាមីន B-៦ និងសារធាតុប្រឆាំងអុកស៊ីតកម្ម សមាសធាតុ phenolic ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងត្រប់វែងទាំងអស់គឺ Anthocyanins រួមមាន Nasunin, Lutein និង Zeaxanthin ។
លើសពីនេះ ត្រប់វែងមានប្រយោជន៍ដល់សុខភាពដូចជា៖ ជួយសុខភាពបេះដូង, ជួយកូលេស្តេរ៉ុលក្នុងឈាម, ជួយទប់ស្កាត់ជម្ងឺមហារីក, មុខងារពង្រឹងការយល់ដឹង, ជួយដល់ការគ្រប់គ្រងទំងន់, ជួយសុខភាពភ្នែកចំពោះមនុស្សវ័យចំណាស់ជាដើម។
ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះ ដំណាំត្រប់វែង៖
ការជ្រើសរើសពូជ
- ដំណាំត្រប់ក៏ដូចជាដាំំណាំឯទៀតដែរ ការជ្រើសរើសពូជមានសារៈ សំខាន់បំផុតគឺ សំដៅទៅការលូតលាស់ និងឲ្យផលខ្ពស់
- ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់ មានជំនាន់ Hybride F ឬពូជបង្កាត់សេរី (OPV) ដែលហៅថា ពូជក្នុងស្រុកមានអាយុកាលលូតលាស់ សមស្របនឹងតំបន់ដាំដុះព្រមទាំងពេញនិយមប្រើប្រាស់។
- គ្រាប់ពូជមានសុខភាពល្អ ភាពសុទ្ធ ការកំណត់ប្រើជាក់លាក់។
- ការសាបកូន និងថែទាំកូនត្រប់៖
- ប្រើគ្រាប់ពូជចំនួន ៣៧៥ ទៅ ៥០០ ក្រោម ដាំលើផ្ទៃដី ១ហ.ត
- មុននឹងសាបគ្រាប់ពូជត្រូវយកមកសំអាតជាមុន
- បន្ទាប់មកយកទៅដាក់ហាលថ្ងៃរយៈ ពេល១ ទៅ២ម៉ោង
- ត្រាំទឹកក្ដៅឧណ្ហៗ រយៈពេល១៥-២០នាទី ទើបត្រាំទឹកត្រជាក់ធម្មតាមួយយប់
- ក្រោយមកយកទៅ ផ្អាប់ ២យប់ នៅពេលគ្រាប់ត្រប់ដុះពន្លកសៗ
- ដំបូងអាច យកទៅសាបឬ ដាក់ក្នុងកន្ទោងក៏បាន
ការបណ្តុះកូន
សាបថ្នាលធម្មតា
- ទីតាំងថ្នាលសាបគឺស្រលះ ដីទួលស្រស់ទឹកមានជីជាតិល្អ
- កាប់ហាលដីឲ្យស្ងួត ទើបលើករងឲ្យបានត្រឹមត្រូវ ដីលើករងគឺឲ្យម៉ដ្ឋល្មមកៀរឲ្យស្មើ គួរធ្វើដំបូងប្រក់ ពេលមេឃភ្លៀង
- យកជីប្រភេទស៊ុបពែផូស្វាត មកបាចចំនួន ១៥០ ក្រាម ឬជី ១៥.១៥.១៥ ចំនួន២០០ក្រាម សម្រាប់ផ្ទៃថ្នាល១០ម២
- បន្ទាប់មករាស់លុបជី ទាំងនោះឲ្យកប់ជ្រៅទៅក្នុងដី
- សាបឲ្យរង្វើលល្មម ហើយរោយកំទេចចំបើង ចិញ្ច្រាំខ្លីៗ ពីលើតាមក្រោយ ដើម្បីការពារសំណើមដី
- បន្ទាប់មកស្រោចសូលុយស្យុង ថ្នាំផ្សិត ដូចជា Mancozeb ការពារជម្ងឺរលួយកូនឈ្មោះ Damping off នៅពេលវាដុះថ្មីៗ
- ស្រោច ទឹកដកស្មៅ និង ជីបំប៉ន ជីត្រូវធ្វើឡើងជាប្រចាំ ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ
- ក្រោយពីសាបរយៈ ពេល ៣ទៅ៤ អាទិត្យ អាចយកទៅដាំបាន
សាបកូនថ្នាលដីខ្សាច់៖
- ដំបូងត្រូវធ្វើឡាំង ឬកេសដែលមានទទឹង ៥០ស.ម បណ្ដោយ ១ម ជម្រៅ ៥ស.ម បាតកេសត្រូវមានរន្ធៈតូចៗ
- យកដីខ្សាច់ម៉ដ្ឋ មកដុតសំលាប់មេរោគជាមុន ហើយទុកឲ្យត្រជាក់ ទើបចាត់ចូលក្នុងកេសឲ្យពេញ ស្រោចទឹកឲ្យជោគ
- បន្ទាន់មកគ្រាប់ដែលដុះពន្លកសៗ ទៅ សាបតាមចង្អូរជម្រៅ ១ម ចន្លោះចង្អូរ ៥ សម
- ក្រោយសាបហើយត្រូវលប់ដីខ្សាច់នេះពីលើឲ្យជិតគ្រប
- យកចំបើងស្ងួតពីលើ ហើយស្រោចទឹកឲ្យជោគ ព្រឹក ល្ងាច រយៈពេល ២-៣ ថ្ងៃ អាចបកចំបើងទាំងនោះ ចេញគឺពេលត្រប់ដុះទូលដីខ្សាច់ចេញមក។
- ក្រោយពីវាដុះមានសន្លឹកកំណើត ពីដំបូងមាន អាយុ៧-១០ថ្ងៃ អាចដកកូនពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល ឬ កន្ទោង ដែលដីមានជីជាតិ ជីកំប៉ុស្ដិ៍ និង អង្កាម
- ថែទាំស្រោចទឹក ស្រោចជី អាចធ្វើឡើងដូចដូចគ្នា នឹង ការសាបថ្នាលធម្មតាដែរ
- សាបរបៀបនេះ ប្រើគ្រាប់ពូជចំនួនតិច អាចដាំបានផ្ទៃដីធំ ហើយកូនត្រប់ឆាប់បានយកទៅដាំ គឺរយៈពេលតែ ៣អាទិត្យប៉ុណ្ណោះ
ការដាំដុះ
ការរៀបចំដីដាំដុះ
- ភ្ជរឲ្យជ្រៅរាស់បំបែកដី ឲ្យម៉ដ្ឋនិងច្រើនសារ គឺរឹតតែធ្វើឲ្យដីធូរ មានបន្ទុកខ្យល់គ្រប់គ្រាន់
- រាស់ប្រមូលនូវស្មៅ កាកសំណល់ដំណាំចាស់ ដុតឬយកចេញពីចំការ
- បន្ទាប់មកភ្ជួរហាលដី រយៈពេល ៥ទៅ៧ ថ្ងៃ ឲ្យងាប់ស្មៅ និង ផ្ដាច់ជីវិតពពួកសត្វល្អិតចង្រៃ ផ្សេងៗនៅក្នុងដី
- ក្រោយមកទើប រាស់បំបែកដីឲ្យម៉ដ្ឋនិងកៀរឲ្យស្មើ
- លើករងដាំបានត្រូវ ភ្ជួររាស់ដីឲ្យបាន៣ ទៅ ៤លើក
- លើករង ឬថ្នាលសំរាប់ដាំត្រប់ មានទទឹង១ម កំពស់២០-២៥ស.ម បណ្ដោយទៅតាមលទ្ធភាពរបស់ដី
ការដាក់ដាំ
- បន្ទាប់ពីលើករងហើយ ត្រូវកាប់ជារណ្ដៅតាមបណ្ដោយរង ឬថ្នាល
- ដាំមួយជួរ គឺចន្លោះជួរ ១-១,២សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ពមួយដើម
- ជម្រៅរណ្ដៅដែលកាប់គឺ ៨-១០សម
- ករណីត្រប់សាបលើថ្នាលផ្ទាល់ ត្រូវស្រោចទឹកកូនត្រប់ឲ្យជោគ រយៈពេល ២០ ទៅ ៣០នាទីមុនដក ដើម្បីបន្ធូរនូវការដាច់ឬស
- កូនត្រប់ត្រូវដកពីព្រឹក បន្ទាប់មកយកវាទៅដាក់ ក្នុងឧបករណ៏ដូចជា កញ្ជី ល្អី កញ្ឆេ
- ស្រោចទឹកឲ្យជោគ រក្សាទុកនៅក្រោមម្លប់ ធ្វើឲ្យកូនត្រប់មានសភាពរឹងមាំ ធន់កំដៅថ្ងៃក្រោយមក
- បន្ទាប់មកយកទៅដាំ នៅពេលរសៀលចាប់ពីម៉ោង ២ រហូតដល់ពេលល្ងាចត្រជាក់
- ក្រោយពីដាំភ្លាមត្រូវស្រោចទឹក ឲ្យជោគតាមរណ្ដៅនីមួយៗ
ការថែទាំ
ការស្រោចស្រព៖
- ទឹកជាកត្តាសំខាន់ សំរាប់បំលែងសារធាតុចិញ្ចឹម គឺធ្វើឲ្យជីជាតិទាំងឡាយនៅក្នុងដីរលាយ ហើយអាចឲ្យដំណាំស្រូបយកបានទៅចិញ្ចឹមសរីរាង្គ។
- ត្រប់ជាប្រភេទដំណាំមួយ ដែលត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី
- ចាប់ពីពេលដាំភ្លាម ត្រូវតែស្រោចទឹកភ្លាម ហើយបន្តស្រោចជា ធម្មតាមួយថ្ងៃ ១ទៅ២លើក គឺពេលព្រឹក និង ល្ងាច
- នៅពេលត្រប់ចាប់ផ្ដើមចេញផ្កា រហូតដល់ ប្រមូលផលវាត្រូវការទឹក ច្រើនជាងពេលដាំ
- ក្នុងដំណាកាលនេះ អាចបញ្ចូលដោយម៉ាស៊ីន ទៅតាមចន្លោះរងក៏បាន ហើយបាញ់ឲ្យជោគក៏បាន ធ្វើយ៉ាងណាឲ្យ ដីមានសំណើមកាន់តែខ្លាំង ក្នុងដំណាក់កាលនេះ ជាពិសេសនៅរដូវប្រាំង
ការប្រើប្រាស់ជី៖
- ផ្តល់ជីធម្មជាតិដូចជា កំប៉ុស្ដ៏ផ្សំលាមកសត្វគ្រប់ប្រភេទ ជីស្រស់ ឬជីបៃតង់ សុទ្ធសឹងជាសមាសធាតុ ដែលបណ្ដាលឲ្យលូតលាស់លឿន និងទិន្នផលខ្ពស់
- ជីអាចម៍មាន់គេប្រើកំរិតពី ៨ទៅ១០ តោន/ហត
- ជីលាមកគោ ក្របី ចំនួនពី១៥ ទៅ២០ តោន/ហត ជាពិសេសគឺដាក់នៅពេលដាំ ដែលហៅថាទ្រាប់បាត
- ដំណាំនេះត្រូវការសារធាតុសំខាន់ ដួចជា៖ N,P,K,Ca,S,Fe និង B
កាលណាកង្វះសារធាតុទាំងនេះ អាចលេចចេញនូវសញ្ញាដូចតទៅ៖
- កង្វះធាតុអាសូត៖ ធ្វើឲ្យដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក
- កង្វះធាតុផូស្វ័រ (P)៖ ស្លឹកប្រផេះស្រអាប់ ហើយធ្វើឲ្យស្លឹកឆាប់ ប្រែពណ៌ទៅជាលឿង ទុំជ្រុលមុនអាយុ ដើមមែកមិនរឹងមាំ
- កង្វះធាតុប៉ូតាស្យូម (K) និង ដែក (Fe)៖ ធ្វើឲ្យពណ៌បៃតង់នៃត្រួយខ្ចីៗ របស់ស្លឹកក្លាយ ទៅជាពណ៌លឿង ព្រមទាំងលូតលាស់ មិនពេញលេញ ឆាប់ទទួលរងជម្ងឺផ្សេងៗ ពិសេសជម្ងឺផ្សិតលើស្លឹក
ដំណាក់កាលប្រើប្រាស់ជី៖
- មុនពេលដាំ ទ្រាប់បាត ប្រើជី ១៥.១៥.១៥ ចំនួន២០០គក្រ/ហត
- ក្រោយដាំរយៈពេល ៧ទៅ១០ ថ្ងៃ ប្រើជីអ៊ុយរ៉េ ៤៦% ចំនួន ៦៥ គក្រ/ហត ដោយលាយទឹកស្រោច ឬដាក់ក្បែរគុម្ព ហើយស្រោចទឹកក៏បាន
- រយៈពេលបីអាទិត្យក្រោយដាំ គេដាក់ជីបំប៉នប្រភេទ ១៥.១៥.១៥ ចំនួន ២០០ គក្រ/ហត ដោយដាក់តាមចន្លោះគុម្ពហើយលុបដីឲ្យជិត ស្រោចទឹកឲ្យជោគ
- លើកចុងក្រោយគឺ ដាក់ជីប្រភេទអ៊ុយរ៉េ ចំនួន ៨២គក្រ លាយជាមួយជីផូស្វាត (P2O5 ២០%) ចំនួន១០០គក្រ ដើមដាក់លើផ្ទៃដី ១ហត នៅពេលត្រប់ ចាប់ផ្ដើមប្រមូលផល លើកទី១ មានរយៈពេល ៦៥ ទៅ ៧០ថ្ងៃ ក្រោយពេលដាំ
ការកំចាត់ស្មៅ៖
- កំចាត់ស្មៅ គឺគេចាប់ផ្ដើមអនុវត្តន៏ តាំងពីចាប់ផ្ដើមភ្ជួរដីមក ដោយរាស់ប្រមូលដុតចោល ទើបភ្ជួរដី
- ដាំដុះលក្ខណៈទ្រង់ទ្រាយធំ មុនរាស់យកស្មៅចេញ គេប្រើថ្នាំសំលាប់ស្មៅឈ្មោះ Glyphosate ឬ Glycine ៤៨ ក្នុងដី ១ហត ផ្ទៃដីប្រើ ២,៥ លីត្រ
- វិធីប្រើគឺកំរិត ៦០ ទៅ ៧០ CC លាយទឹក ២០លីត្រ បាញ់លើផ្ទៃ ២០០ម២ ក្រោយពីបាញ់រយៈពេល ៧ថ្ងៃ ទើបចាប់ផ្ដើមរាស់ប្រមូល ផលយកស្មៅចេញហើយភ្ជួរហាលដី
- វិធីសាស្ដ្រធ្វើដោយចបគឺ ក្រោយដាំ ២អាទិត្យ ត្រូវជ្រំជ្រោយ ដីឲ្យស្មៅចង្រៃងាប់
- លើកទី២ អាចជំរះយកស្មៅចេញ តែមិនជ្រំជ្រោយដីឡើយ
ជម្ងឺ និងសត្វល្អិតបំផ្លាញ
ជម្ងឺ៖
- ត្រប់ជាប្រភេទដំណាំមួយដែលទទួលរងការបំផ្លាញពីជម្ងឺផ្សិត ដូច ដើម ស្លឹក ឬស និងផ្លែ
- ជម្ងឺរលួយគល់កូនត្រប់៖ ឈ្មោះ (Damping off Pythium SPP Rhizoc tonia Spp) តាមធម្មតា
- ជម្ងឺផ្សិតតែងតែកើតឡើងដោយលក្ខខណ្ឌអាកាសធាតុនិងបណ្ដាលមកពី កត្តាសំណើម នៃដី
- ប្រភេទជម្ងឺរលួយគល់កូនត្រប់ឈ្មោះ Dam Ping នេះគឺ បំផ្លាញកូនត្រប់ទើបនឹងដុះរហូតដល់ កូនត្រប់មានសន្លឹក ពិតលក្ខណៈពិសេសរបស់វា គឺបណ្ដាលមកពីដីដែលមានមេរោគ។
វិធានការការពារ
- ត្រូវបាចកំបោរសចំនួន ២៥០ ទៅ ៣៥០គក្រ/ហត ហើយភ្ជួរលុបរយៈពេលពីរសប្ដាហ៏
- ទើបរៀបចំដីដាំបាញ់ថ្នាំផ្សិតដូចជា Mancozeb Maneb ឬ Captan មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូត ដល់ត្រប់ចេញផ្កា និងផ្លែ
សត្វល្អិត៖
សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានពីរក្រុមធំៗគឺ ក្រុមចោះ និង ស៊ីបំផ្លាញព្រមទាំងក្រុម ជញ្ជក់យករុក្ខរស
- ក្រុមស៊ីបំផ្លាញ៖ ដង្កូវស៊ីរូងផ្លែ ដើម ស្លឹកដូចជា
- ដង្កូវស៊ីរូងផ្លែ និងដើម៖ ឈ្មោះ Egg Plant Fruit and Shoot bore ដែលមានឈ្មោះវិទ្យាសាស្ដ្រ Leucinodes Orbonalis នៅក្នុងគ្រួសារ Lepidoptera លំដាប់ Pyraliden
- លក្ខណៈនៃការបំផ្លាញមេអំបៅ តែងពងដាក់ស្លឹកផ្នែកខាងក្រោមរាយៗជាក្រុមខ្លះទៀត ពងដាក់លើផ្កា និងដើម ក្រោយមកពងវា ញាស់ហើយចោះចូលទៅដើមផ្នែកខ្ចីនៃត្រួយ ឬ ក្ដិបខ្ចីៗ ធ្វើឲ្យត្រួយនៃដំណាំត្រប់ស្រពោនផ្លែត្រប់ ស្អុយមិនអាចលូតលាស់បានជាពិសេស
វិធានការការពារ
- ជ្រើសរើសពូជធ្ងន់ទ្រាំល្អ
- រៀបចំដីឲ្យត្រឹមត្រូវ
- ផ្លាស់ប្ដូរមុខដំណាំជ្រើសរើសរដូវដាំឲ្យមានចន្លោះជួរ និងគុម្ពឲ្យបានត្រឹមត្រូវ
- កាត់រំលោះស្លឹកចោលខ្លះ
- សំអាតស្មៅក្នុងចំការ
- ប្រើវិធានការគីមី ដើម្បីរួមផ្សំ ពេលសត្វល្អិតទើបនឹងកើត
ការប្រមូលផល
- ត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានឹងត្រប់ផ្សេងៗដែរ អាស្រ័យទៅតាមប្រភេទពូជ
- ពូជទំនើបចន្លោះពី ៦៥ ទៅ ៧៥ថ្ងៃ
- ពូជក្នុងស្រុកចន្លោះពី ៧៥ ទៅ ៨០ថ្ងៃ
- ទិន្នផលចន្លោះពី ៨ ទៅ ១៣ តោន/ហត
- ត្រប់អាចប្រមូលផល បានច្រើនសារ អាស្រ័យលើការថែទាំ និងការកាត់ស្លឹកចាស់ៗ ចោលនៅពេល វាបន្ថយផ្កា
- ដើម្បីឲ្យផ្លែត្រប់រក្សាបាននូវ សោភ័ណភាពល្អ និង គុណភាព ត្រូវធ្វើការប្រមូលផល ពេលព្រឹកព្រលឹម ឬល្ងាចត្រជាក់
- ក្រោយពីទឹកហើយ បេះហើយត្រូវយកទៅ ផ្សើមទឹកជាចំហាយ បន្តិចៗទើបរៀបចំទុកដាក់ ក្នុងឧបករណ៍ដឹកជញ្ជួន
ចំណាប់អារម្មណ៍
បងប្អូនមានដីចម្ការទំនេរ មិនចង់ទុកចោល អាចសាកល្បងដាំដុះដំណាំត្រប់នេះបាន ព្រោះដំាំណាំនេះ មិនពិបាកថែទាំងាយស្រួល ឆាប់ប្រមូលផល។ មុនដាំដុះបងប្អូនត្រូវចេះជ្រើសរើសពូជដែលឆាប់បានផល ធន់នឹងសត្វល្អិតបំផ្លាញជាដើម ដើម្បីឲ្យការដាំដុះ កាន់តែទទួលបានទិន្នផលល្អ និងសមស្របសម្រាប់ទីផ្សារ។