រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោងខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា ការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកម្ពុជា គឺជារឿងដ៏មានមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានទទួលស្វាគមន៍ និងបានលើកពានដោយផ្ទាល់។
ទន្ទឹមជាមួយគ្នា ការនាំយកពានដ៏មានតម្លៃខាងលើ ទៅតាំងបង្ហាញ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន-យុវតី បានចូលទស្សនា និងថតរូបអនុស្សាវរីយ៍ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺជារឿងដ៏មានមោទនភាពមួយទៀត ស្របពេលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី ឆ្នាំ២០២៩ នៅទីតាំងប្រវត្តិសាស្ដ្រនេះ។
ឯកឧត្តមមានប្រសាសន៍ថា ពានដែលបានហែមកកម្ពុជា ហើយបានតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពានពិត ផលិតពីមាសទម្ងន់ ៦.១គីឡូក្រាម មានតម្លៃធានារ៉ាប់រង ២០០លានដុល្លារ នឹងត្រូវយកទៅដាក់ឲ្យមានការប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា នាចុងឆ្នាំនេះ។ ដូចសម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ គឺប្រជាជនកម្ពុជាទាំងមូល មានសេចក្ដីរីករាយ និងទទួលស្វាគមន៍នូវដំណើរទេសចរណ៍របស់ពាននេះ ហើយក៏ជាមោទនភាព ដែលពាននេះ បានបង្ហាញវត្តមានក្នុងពហុកីឡដ្ឋានដ៏ធំមួយ ក្នុងចំណោមពហុកីឡដ្ឋានធំៗទាំង ១០ នៅអាស៊ីនេះដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា ៖«ហេដ្ឋារចនាសម្ព័ន្ធកីឡា ស្ដាតមរតកតេជោ ត្រូវបានចាត់ទុកជាពហុកីឡដ្ឋានដ៏ធំមួយ ក្នុងចំណោមពហុកីឡដ្ឋានធំៗទាំង ១០ នៅអាស៊ី។ នេះជាមោទនភាពណាស់ សម្រាប់យើង កំពុងតែរៀបចំដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាយុវជនអូឡាំពិកអាស៊ី នៅឆ្នាំ២០២៩ មានន័យថា ជាការជំរុញ និងលើកទឹកចិត្តឲ្យយុវជនយើង មានមោទនភាព ហើយមានសេចក្ដីសប្បាយរីករាយ ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើយ៉ាងម៉េចឲ្យវិស័យកីឡាកាន់តែរីកចម្រើន និងជំរុញស៊ីហ្គេមរបស់យើងឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់»។
ឯឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ៖«នេះគឺជាកិត្តិយស ដែលសម្ដេចតេជោ បានមានប្រសាសន៍ យកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្ត ហើយជាការរីករាយធំរបស់ប្រជាជាតិមួយទាំងមូល ហើយខ្ញុំផ្ទាល់ ក៏ខ្ញុំរីករាយខ្លាំងដែរ។ កម្មវិធីនេះ ការរៀបចំមិនសូវប៉ុន្មានទេ តែវាមានតម្លៃសម្រាប់ជាតិមួយកាន់តែមានមុខមាត់លើឆាកអន្ដរជាតិ ដែលប្រទេសកម្ពុជាយើងបានទទួលស្វាគមន៍ពាននេះ»។
គួរបញ្ជាក់ថា បន្ទាប់ពីការទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា នៅរសៀលថ្ងៃដដែល ពានរង្វាន់បាល់ទាត់ពិភពលោក ត្រូវបាននាំយកទៅតាំងបង្ហាញ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលទស្សនា និងថតរូបអនុស្សាវរីយ៍ ជាមួយពានពិតដែលបានតាំងក្នុងប្រអប់ នៅក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ១០យប់ ហើយមានប្រជាពលរដ្ឋ និងយុវជន-យុវនារីប្រមាណជាង ២ពាន់នាក់ ដែលបានបំពេញលក្ខខណ្ឌ និងត្រូវបានអនុញ្ញាតឲ្យចូលថតរូបជាមួយពានដ៏មានតម្លៃសម្រាប់មនុស្សជាតិលើពិភពលោកមួយនេះ ៕