ប៉ៃលិន៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើល ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ០១គ្រឿង ដែលជាជំនួយរបស់ជប៉ុន តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងត្រូវដំឡើងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមការពារដល់ការងារសន្តិសុខជាតិ ខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ការបំពាក់ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិននេះ ក្រៅពីជួយសម្រួលដល់ការងារមន្ត្រីនគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិ ថែមទាំងជួយពន្លឿនមិនឱ្យភ្ញៀវទេសចរណ៍រង់ចាំយូរ ក្នុងការត្រួតពិនិត្យសម្ភារៈ ដែលភ្ញៀវនាំយកមកជាប់ខ្លួនផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ កំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបានល្អ ដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។
ឯកឧត្តម ហុក សុផល ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវសហការគ្នា និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងបន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មកពីក្រៅប្រទេស។
សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានទទួលម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ទាំង១១គ្រឿង ជាជំនួយរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានដឹកជញ្ជូនដាក់តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ទីតាំងរួចរាល់ នឹងត្រូវដំឡើងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ៕