ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម ស៊ូធី ថងយ៉ែម អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានការធូស្រាលជាប្រក្រតីឡើងវិញ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ហើយជាក់ស្តែងនាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ សម្របសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរ ទៅទិញទំនិញ និងម្ហូបអាហារនៅផ្សារថៃ បានផាកាត, ការធ្វើច្រាងអូរការពារជំនន់ទឹកភ្លៀង នៅតាមបណ្តោយអូរព្រំដែន, និងការថែរក្សាបរិស្ថានទឹកអូរព្រំដែន ដែលបណ្តាលមកពីកាកសំណល់កខ្វក់។
ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ជាការឆ្លើយតបឯកឧត្តម ស៊ូធី ថងយ៉ែម អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំនូមពរ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។