ពពាយដែលមានឈ្មោះជាភាសាអង់គ្លេសហៅថា ‘Wing Bean’ និងមានឈ្មោះជាវិទ្យាសាស្ត្រថា ‘Psopho carpus Tetragonolobus’ ហើយត្រូវបានគេស្គាល់ជាទូទៅថា Goa Bean គឺជាប្រភេទរុក្ខជាតិម្យ៉ាងក្នុងអម្បូរណ៍ជារុក្ខជាតិវល្លិ ច្រើនមានដុះភាគច្រើននៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅ មានសំណើម និងជាពិសេសក្រុមប្រទេសដែលស្ថិតនៅតាមខ្សែបណ្តោយអេក្វាទ័រ។
គេឃើញដំណាំ ពពាយមានដុះយ៉ាងច្រើននៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ។ ប្រភេទដំណាំស្រដៀងគ្នានេះត្រូវបានគេឃើញមានដាំនៅអាមេរិក ក្នុងរដ្ឋខ្លះ ។
វាជា ប្រភេទដំណាំវល្លិ ដែលអាចដុះលូតលាស់ពីប្រវែង ៣ ទៅ ៤ម៉ែត្រ ទៅលើ ឬវាអាចសួតាមមែកឈើ ។ សំបករបស់ដើមវាមានសណ្ឋានដូចទៀន (ក្រមួន) ចំពោះផ្លែខ្ចីរបស់វាវិញមានសណ្ឋានជាជ្រុងមានជាយក្រែងតាមជ្រុង នីមួយៗ អង្កាញ់ៗ នៅពេលផ្លែរបស់វាទុំ វានឹងប្រេះបែកបង្ហាញឲ្យឃើញ ដែលនៅខាងក្នុងជាច្រើនគ្រាប់, គ្រាប់ទាំងនោះមានទំហំប៉ុនៗគ្រាប់សណែ្តកសៀង ផ្ការបស់ពពាយច្រើនមានពណ៌ខៀវស្វាយ ។
គេបានដឹងជា យូរមកហើយថា ផ្លែពពាយសម្បូរណ៍ទៅដោយសារធាតុចិញ្ចឹមជាច្រើនដ៏មានប្រយោជន៍ ជាពិសេសគឺប្រូតេអ៊ីន ជាតិកាល់ស្យូម និងជាតិដែក នៅមានសារធាតុចិញ្ចឹមច្រើនមុខទៀតនៅក្នុងផ្លែរបស់វា ។
នៅប្រទេស ខ្លះគេដាំដំណាំពពាយសម្រាប់ឲ្យវាជួយបង្កើតគុណភាពរបស់ ដី និងរក្សាឲ្យដីនៅតែមានគុណភាពល្អជានិច្ច ហេតុដែលធ្វើដូច្នេះនោះក៏ព្រោះតែដំណាំពពាយវាជួយបឺតស្រូបយកនី ត្រូហ្សែនពីក្នុងខ្យល់មករក្សាទុកនៅក្នុងឫសរបស់វា និងទៅក្នុងដី ។
វាជា រុក្ខជាតិមួយប្រភេទដែលពុំទាមទារឲ្យយើងដាក់ជីឲ្យវាឡើយ វាត្រូវការជីតិចតួចណាស់ ពីព្រោះវាអាចបឺតស្រូបសារជាតិចិញ្ចឹមពីក្នុងខ្យល់បានដោយខ្លួនឯង ។
សណ្តែកពពាយត្រូវបានគេចាត់ថា ជាពពួកសណ្តែកដែលមានចំនួនកាល់ស្យូមច្រើនជាងគេក្នុងចំណោម ប្រភេទសណ្តែកដទៃឯទៀត ។
សារធាតុ កាល់ស្យូមនេះវាមានមុខងារធ្វើឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អ ។ កាល់ស្យូមនេះក៏ជួយផងដែរ ដល់ការស្ថាបនាឆ្អឹងយើងធ្វើឲ្យឆ្អឹងរឹងមាំល្អ និងជួយការពារឆ្អឹងយើងពីជម្ងឺតម្កាត់ផ្សេងៗទៀត ។ មិនត្រឹមតែជួយឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរណ៍ទៅដោយជាតិរ៉ែជាច្រើនប្រភេទទៀត សម្រាប់ជួយទ្រទ្រង់ដល់សុខភាពរបស់យើង ។
គេបាន ចាត់ទុកថា ផ្លែពពាយមិនមែនល្អសម្រាប់តែមនុស្សយើងប៉ុណ្ណោះទេ, ប៉ុន្តែគេក៏អាចឲ្យសត្វស៊ីជាចំណីបានផងដែរ ពីព្រោះវាមានប្រូតេអ៊ីនច្រើនណាស់ ។
ដើមពពាយមានមើមដែលយើងអាចយកមកបរិភោគបាន ស្លឹក មើម ផ្កា ផ្លែ សឹងបរិភោគបានទាំងអស់ ។
ស្លឹករបស់វាអាចឲ្យគេយកមកហាន់ឲ្យល្អិតធ្វើជាចំណីជ្រូក គោ និងមាន់ ទា បាន ។
បើយើងអាចដាំវាឲ្យបានច្រើន យើងអាចបេះស្លឹកវាឲ្យសត្វស៊ីជាចំណីបាន ទាំងមានប្រយោជន៍ជួយដីឲ្យល្អផង ។
គ្រាប់របស់វាអាចឲ្យគេយកមកធ្វើជាទឹកសណ្តែក តៅហ៊ូ បានដូចសណ្តែកសៀងដែរ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)