(បាងកកប៉ុស្តិ៍) ៖ អ្នកស្រាវជ្រាវបានសន្និដ្ឋាននៅក្នុងការសិក្សាថ្មីមួយថាពេទ្យសត្វនៅភាគខាងត្បូងប្រទេសថៃទំនងជាបានឆ្លងវីរុសកូរ៉ូណាពីសត្វឆ្មាដែលឆ្លងមេរោគនេះកាលពីឆ្នាំមុន។ វាជាករណីកត់ត្រាដំបូងគេនៃការសង្ស័យឆ្លងកូវីដពីឆ្មាមកមនុស្ស បើទោះបីជាអ្នកជំនាញបានសង្កត់ធ្ងន់ថាហានិភ័យនៃការឆ្លងពីឆ្មាមកមនុស្សនៅតែមានកម្រិតទាបក៏ដោយ។
ម្ចាស់ឆ្មាម្នាក់ក្នុងចំណោមម្ចាស់ឆ្មាពីរនាក់ ដែលអ្នកទាំងពីរបានកើតកូវីដ១៩ ប្រហែលជាបានចម្លងមេរោគទៅឆ្មា ដែលបន្ទាប់មកឆ្មាកណ្តាស់ដាក់មុខពេទ្យសត្វ នេះបើយោងតាមឯកសារស្រាវជ្រាវដែលសរសេរដោយអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យសុងក្លា។ ការរៀបលំដាប់ហ្សែនបានបញ្ជាក់ថា ឆ្មានិងមនុស្សទាំងបីនាក់បានឆ្លងមេរោគដូចគ្នាតែមិនមានការរីករាលដាលនៅក្នុងចំណោមប្រជាជនក្នុងតំបន់នៅពេលនោះទេ។
អ្នកវិទ្យាសាស្ត្រនិយាយថា សត្វឆ្មាងាយនឹងឆ្លងមេរោគពីមនុស្សជាជាងចម្លងវាទៅមនុស្ស។ ប៉ុន្តែករណីនេះគឺជាការក្រើនរំលឹកថា អ្នកដែលឆ្លងមេរោគគួរតែប្រុងប្រយ័ត្ននៅជុំវិញសត្វចិញ្ចឹមរបស់ពួកគេ ហើយពេទ្យសត្វនិងអ្នកផ្តល់ជម្រកសត្វ ដែលអាចប៉ះពាល់ជាមួយសត្វដែលមានមេរោគ គួរតែធ្វើដូចគ្នាផងដែរ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ស្កុត វីស (Scott Weese)ជាពេទ្យសត្វនៅសាកលវិទ្យាល័យក្វែល (Guelph)នៅខេត្តអនថារីអូ (Ontario) ប្រទេសកាណាដា។
លោកវេជ្ជបណ្ឌិតបាននិយាយថា “នៅពេលដែលអ្វីៗក្លាយជាជំងឺរបស់មនុស្ស យើងតែងតែភ្លេចអ្វីៗផ្សេងទៀត។ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់ពួកយើងក្នុងការទទួលស្គាល់ថាមេរោគនេះនៅតែអាចឆ្លងទៅសត្វ”។
ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរថៃនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញអ្នកឆ្លងថ្មី២.៥០១នាក់និង២៨នាក់ទៀតស្លាប់ដោយកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ។តួលលេខឆ្លងថ្មីនេះមិនរាប់បញ្ចូលការធ្វើតេស្តិ៍វិជ្ជមាន៣.៨០៨នាក់តាមឧបករណ៍តេស្តិ៍រហ័សទេ៕