ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជឿជាក់លើក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងបានស្នើសុំសិទ្ធិបម្រើពីបងប្អូនប្រជាពលរដ្ឋបន្តទៀត ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋាន និងសមិទ្ធផលថ្មីៗបន្ថែមទៀតឱ្យមានការរីកចម្រើន។
លោកជំទាវ បាន ស្រីមុំ បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស នៅភូមិភ្នំដំបង, ភូមិប៉ាងរលឹម, ភូមិសួស្តី, ភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។
លោកជំទាវប្រធាន បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះសុខ សន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ដោយសង្កត់ធ្ងន់ធ្ងរថា៖ គ្មានសន្តិភាព គ្មានក្ដីសង្ឃឹម គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ដូច្នេះសុខសន្តិភាព បានផ្ដល់ឱកាសឱ្យយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងប្រជាជនគ្រប់រូប មានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន និងរស់នៅដោយគ្មានភាពភ័យខ្លាច មានសុខុមាលភាពពេញលេញ មានសិទ្ធិសេរីភាពបរិបូណ៌ និងអាច ធ្វើដំណើរ ឬទៅកម្សាន្តនៅតាមទីកន្លែងជិតឆ្ងាយនានាដោយសេរី។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ មានគណបក្សមួយចំនួនមិនបានធ្វើសកម្មភាពឃោសនាធំដុំនោះទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំឲ្យជឿឲ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៍ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង ដោយឡែកគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋទេ មិនសន្យាចោល តែសមិទ្ធផលកើតឡើងព្រោងព្រាតតាមភូមិ ឃុំ ស្រុក ខេត្តទូទាំងប្រទេស ដូចនេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកជាមួយនូវឯកសារ ដែលបម្រើឱ្យការបោះឆ្នោត ដើម្បីបន្តអភិវឌ្ឍ ភូមិឃុំរបស់យើង កាន់តែរីកចម្រើនថែមទៀត៕
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ បេក្ខភាពមេឃុំ/ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូពីសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំ/សង្កាត់ ដែលខ្លួនដឹកនាំ ដូច្នេះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការគាំទ្រខ្លួនឯង និងគាំទ្រការអភិវឌ្ឍនៅមូលដ្ឋាន៕