នៅក្នុងការដាំផ្លែស្រកានាគ និងដើមខ្នុរក្នុងចម្ការតែមួយ មានភាពងាយស្រួលចំណេញពេលវេលាក្នុងគ្រាថែទាំពេលតែមួយដែរ។
បទពិសោធន៍នេះ ដែលកសិករឈ្មោះ នួន ក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាមបានរៀបរាប់ឲ្យដឹងនូវបទពិសោធន៍ក្នុងការដាំផ្លែស្រកានាគ និងខ្នុរថា ការដាំចម្រុះចូលគ្នាក្នុងចម្ការតែមួយដោយដាំផ្លែស្រកានាគជាង១ពាន់គុម្ពជាមួយនឹងដើមខ្នុរឃើញថា បានផ្តល់ប្រយោជន៍ដោយសារមើលឃើញស្ថានភាពបណ្តោយថ្ងៃក្នុងការដាំសាកល្បងដំបូង។
លោក នួន បន្តថា ក្នុងចន្លោះ២ម៉ែត្រដាក់ដាំស្រកានាគតែមួយជួរ ដោយដាំចំកណ្តាលថ្ងៃដែលដាំដើមខ្នុរសងខាងជួយជាម្លប់ដល់ស្រកានាគផងដែរ។ ឆ្លងតាមរយៈបទពិសោធន៍នេះ លោក នួនបន្តថា បើដាំតែស្រកានាគក៏វាល្អម្យ៉ាងដែរ តែមួយរយៈចុងក្រោយនេះ អាកាសធាតុក្តៅខ្លាំងហើយបើយើងដាំចម្រុះរបៀបនេះ វាជួយធ្វើឲ្យស្រកានាគទទួលបានធាតុត្រជាក់ផងដែរ ពីម្លប់ដើមខ្នុរ ហើយនៅពេលស្រោចទឹកក៏មានភាពងាយស្រួលដែរ ដោយស្រោចទឹកបានទាំងស្រកានាគ និងខ្នុរ។ កត្តាដែលយើងទទួលបានផលប្រយោជន៍ពីស្លឹកខ្នុរ ដែលជ្រុះទៅលើដីវាអាចក្លាយទៅជាជីស្រោចគល់ដើមស្រកានាគ ផងដែរ។ អញ្ចឹងហើយការដាំស្រកានាគ និងខ្នុរបញ្ចូលគ្នាវាបានផ្តល់អត្ថប្រយោជន៍ទាំងពេលវេលាការថែទាំ ដោយខ្នុរផ្តល់នូវម្លប់ត្រជាក់និងជីកើតពីស្លឹកខ្នុរទៅដល់ស្រកានាគបានយ៉ាងពេញចិត្ត៕