នៅខេត្តប៉ៃលិននាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ក្នុងការ ផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីអោយអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្ម ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលរងខេត្តប៉ៃលិន។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាសិក្ខាសាលាដែលបង្ហាញជូនដល់សិក្ខាកាមនាពេលនេះ សិក្ខាកាម នឹងទទួលបានគន្លឹះខ្លះៗ យកអនុវត្តធ្វើយ៉ាងមេចដើម្បីផ្គត់ផ្គង់ ឬ លើកតំកើនអាជីវករតាមបណ្តាខេត្ត និងការប្រមូលផ្តុំចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តឱ្យបានច្រើន ដើម្បីជាកំលាំងមួយជួយសភាពាណិជ្ជកម្មកម្ពុជាឱ្យមានការរីកចំរើនឡើង។ ជាមួយគ្នានោះ យើងចង់ឱ្យមានការពង្រីកនឹងការពង្រឹងនូវចក្ខុវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជាទៅកាន់សមាជិកសភាពាណិជ្ជកម្មតាមបណ្តាខេត្ត ដើម្បីបង្កើនសក្តានុពល និងវិសាលភាពរបស់សភាពាណិជ្ជកម្មអោយកាន់តែទូលំទូលាយផងដែរស្របតាមវឌ្ឍនភាពម្លប់សន្តិភាពរបស់សម្តេចតេជោ។
មិនតែប៉ុណ្ណ្ណោះសិក្ខាសាលានេះត្រូវបានមន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញ អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាដើម្បីយល់ដឹងបន្ថែម ពង្រឹងលើអាជីវកម្មអោយកាន់តែមានប្រសិទ្ធភាពថែមទៀតដល់សមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករ ទៀតផង។
ហើយលើសពីនោះលោកឧកញ៉ា ឡោ ស៊ុនជាង បានអោយដឹងថា ៖ សភាពាណិជ្ជកម្មកម្ពុជា គឺដូចគ្រួសារតែមួយ ហើយសភាពាណិជកម្មខេត្តប៉ៃលិន តែងតែបើកចំហជានិច្ច ចំពោះសមាជិកទាំងអស់ ដែលមានចំងល់ផ្សេងៗ អាចសួរនាំបានតាមតម្រូវការហើយយើងតែងធ្វើការរួមគ្នាលើគោលការណ៍ជាក់លាក់និងសមូហភាពជាក់លាក់ ច្បាស់លាស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចទូទៅស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងឱកាសនោះដែរ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម សភាណិជកម្ម ពាណិជ្ជករនិងដៃគូក្រុមហ៊ុនសហការ ដែលបានបង្កើតសិក្ខានេះឡើងនៅខេត្តប៉ៃលិន ក្នុងការស្វែងយល់ពីពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីពង្រឹងលើគុណភាពនិងច្បាប់ត្រឹមត្រូវដើម្បីទំនុកចិត្តនិងភាពឈានមុខលើទីផ្សារកាន់តែទូលំទូលាយ។ ជាមួយគ្នានោះវាក៏បានបង្កើនឱកាសអោយក្រុមហ៊ុន ម្ចាស់អាជីវកម្មតូចធំវិនិយោគអាជីវកម្មដើម្បីបង្កើនទីផ្សារកាន់តែមានភាពទូលំទូលាយនិងរីកចម្រើនជាលំដាប់ ស្របតាមរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការលើកស្ទួយលើវិស័យទេសចរណ៍ កសិកម្ម នជាពិសេសពាណិជ្ជកម្ម ដែលផ្តោតលើការវិនិយោគដែលមានសក្តានុពលលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយើង។ ហើយលោកអភិបាលរងខេត្តក៏បានមានប្រសាសន៏ជម្រុញអោយមន្ត្រីជំនាញពាណិជ្ជកម្ម កបប ត្រូវមើលឡើងវិញលើតាមស្ថានីយ៍ប្រេងឥន្ធនះនៅទូទាំងខេត្តលើតម្លៃនិងគុណភាពប្រេងឥន្ធនះដែលលក់មិនកុហក់បោកប្រាស់អ្នកប្រើប្រាស់ជាអតិថិជន ។
គួរបញ្ជាក់ផងដែរ៖ សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ត្រូវបានធ្វើឡើងមួយថ្ងៃពេញ ហើយបានផ្តើមតាំងពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្តចំនួន ១៧ ដោយទទួលបានការឩបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. ,ធនាគារ ព្រីនស៍ ម.ក, សហគ្រិនខ្មែរធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក , កំពង់ផែស្វ័យ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។ ជាមួយគ្នានោះ ខេត្តប៉ៃលិនជាខេត្តទី ១០ហើយ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាមួយនេះឡើង៕