ប៉ៃលិន៖ ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួននៅតាមដងផ្លូវជាតិលខ ៥៧ ត្រង់ចំណុចទីប្រជុំជនផ្សារព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញបាននូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែង កសាងប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា ជាបន្តបន្ទាប់នៅទូទាំងប្រទេស ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវសូមចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បីមាននិរន្តរភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលបានយកចិត្តទុកដាក់ថែទាំជួសជុលផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៍ដូចជាកែលំអរសោភ័ណ្ឌភាពផ្លូវក្នុងក្រុងអោយបានល្អប្រសើផងដែរ។
សូមបញ្ជាក់ថា៖ បច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ នូវចំណែកផ្លូវដែលខូច ផ្លូវមានជង្ហុកសំបុកមាន់ គូសសញ្ញាចរាចរណ៍ ដាក់ស្លាកចរាចរណ៍ បំពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខាងផ្លូវអោយមានភាពទូលាយមានសោភ័ណ្ឌភាព ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕