ស្ថិតនៅចម្ងាយប្រមាណជា ៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរស្គាល់ថាជាខេត្តល្បីល្បាញខាងផលិតក្អមឆ្នាំងមានគុណភាពល្អ ដែលធ្វើអំពីដី ថែមទាំងជាខេត្តដែលសម្បូរទៅដោយកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ ដែលមានដូចជាតំបន់ភ្នំ និង តំបន់ប្រាសាទ រួមទាំងតំបន់លម្ហែកែច្នៃថ្មីៗ ស្រស់ត្រកាលអនេក។
ថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍នូវតំបន់ទេសចរណ៍កែច្នៃមួយកន្លែង ដែលមានឈ្មោះថា «រាជិនីលង្វែក» ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន ពីរាជធានីភ្នំពេញនោះឡើយ។
នៅទីនោះ មានសួនកែច្នៃដ៏ស្រស់ស្អាត រូបសំណាកជាច្រើន ឡូរី និង បឹង ជាដើម ជាទីកម្សាន្តសម្រាប់ភ្ញៀវទេសចរ ដែលបានទៅដល់ទឹកដីក្អមឆ្នាំងមួយនេះ។
មិនតែប៉ុណ្ណោះប្រិយមិត្ត អាចតុបតែងខ្លួនបែបបុរាណ ដើម្បីថតរូបលេងជុំគ្នា ជាលក្ខណៈគ្រួសារ មិត្តភក្តិ និង គូសង្សារ ជាដើម ជាមួយទេសភាពដ៏ស្រស់ត្រកាល តាមរយៈការតុបតែងរៀបចំបានយ៉ាងអស្ចារ្យនៅទីនោះ៕