ប៉ៃលិន៖ នៅបរិវេណវិមានឯករាជ្យខេត្ត ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ ខេត្តប៉ៃលិន បានប្រារព្ធធ្វើព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៩ យាងចូល ៧០ព្រះវស្សា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
ព្រះរាជវិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៩ យាងចូល ៧០ព្រះវស្សា បានប្រារព្វធ្វើតាមលំដាប់លំដោយ តាមក្បួនខ្នាតនៃព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ សូត្រជយន្តោ ថ្វាយព្រះពរសិរីសួរស្តី, របាំថ្វាយព្រះពររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ បានថ្វាយកន្ត្រកផ្កាជូនពរ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអានសារថ្វាយព្រះពរដល់ព្រះមហាក្សត្រថា៖ ក្នុងឱកាសដ៏មហានក្ខតឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដល់ដ៏ថ្លៃថ្លាគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តប៉ៃលិនទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្ដែង នូវអភិវន្ទនកិច្ច និងអំណរសាទរដោយស្មោះអស់ពីដួងចិត្ត ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូតាធម៌ និងកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាពជីវភាព រស់នៅរបស់ប្រជាជន និងការងារកិច្ចការបរទេស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីស្នេហាលើគ្រប់វិស័យ ឲ្យរឹតតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា។
ក្នុងពិធីដ៏ឧត្តុងឧត្តម និងមហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរ បីបាច់រក្សា និងអភិបាលរក្សាព្រះអង្គជាទីគោរព និងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរជានិច្ចនិរន្តរ៍តទៅ។
សូមរំលឹកថា៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ដែលមានព្រះបិតាព្រះនាម ព្រះបាទនរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ ហើយព្រះអង្គ ទ្រង់បានឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាព្រះវរបិតា បានដាក់រាជ្យជាលើកទី២ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕