ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយថា អ្នកជំងឺជាកុមារបីនាក់នៅក្នុងប្រទេសនេះបានស្លាប់ដោយសារជំងឺរលាកថ្លើមស្រួចស្រាល់កាលពីខែមេសាដោយនាំឱ្យកុមារស្លាប់សរុបបួននាក់នៅទូទាំងពិភពលោកដោយសារជំងឺថ្លើមដ៏អាថ៌កំបាំងដែលប៉ះពាល់ដល់កុមារពីសហរដ្ឋអាម៉េរិករហូតដល់អាស៊ី។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី ០២ ឧសភាថា កុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋធានីហ្សាការតា មានរោគសញ្ញារួមមានចង្អោរ ក្អួត រាគខ្លាំង គ្រុនក្តៅ ខាន់លឿង ប្រកាច់ និង បាត់បង់ស្មារតី។
ក្រសួងជំរុញឱ្យឪពុកម្តាយនាំកុមារដែលមានរោគសញ្ញាទាំងនេះទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រសួងបានបន្តថា ក្រសួងកំពុងដំណើរការការធ្វើតេស្តិ៍ពេញលេញដើម្បីកំណត់ពីមូលហេតុនៃជំងឺ ហើយបានចេញសារាចរណ៍មួយដើម្បីបង្កើនការតាមដានជំងឺនៅទូទាំងប្រទេស។
កាលពីចុងសប្តាហ៍កន្លងទៅ សិង្ហបុរីបានបញ្ជាក់ពីករណីជំងឺរលាកថ្លើមស្រួចស្រាល់ចំពោះទារកអាយុ ១០ ខែ ហើយកំពុងស៊ើបអង្កេតថាតើវាមានការបង្ហាញស្រដៀងគ្នាទៅនឹងករណីផ្សេងទៀតដែលបានរាយការណ៍នៅទូទាំងពិភពលោកដែរឬអត់។
នៅទូទាំងពិភពលោក យ៉ាងហោចណាស់មានកុមារម្នាក់ទៀតបានស្លាប់ដោយសារជំងឺរលាកថ្លើមស្រួចស្រាល់ ហើយជាងដប់នាក់ផ្សេងទៀតបានទទួលការប្តូរថ្លើមបន្ទាប់ពីធ្លាក់ខ្លួនឈឺជាមួយជំងឺនេះ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
ខណៈមូលហេតុនៃជំងឺនេះមិនទាន់ត្រូវបានកំណត់នៅឡើយ អ្នកស៊ើបអង្កេតកំពុងសិក្សាពីក្រុមគ្រួសារនៃមេរោគដែលគេហៅថា Adenovirus ដែលបង្កឱ្យមានជំងឺជាច្រើនរួមទាំងជំងឺផ្តាសាយទូទៅផងដែរ៕