ខេត្តស្ទឹងត្រែង ៖ មិនឆ្ងាយប៉ុន្មានពីទីរួមខេត្តស្ទឹងត្រែង ដោយធ្វើដំណើរតាមរថយន្ត និងបន្តដំណើរតាមផ្លូវទឹកឆ្ពោះទៅប៉ែកខាងលើ នៃដងទន្លេមេគង្គ សំបូរទៅដោយព្រៃលិចទឹកនៃតំបន់រ៉ាមសារ និងកោះខ្សាច់ ជាតំបន់ដែលមានសក្តានុពលសម្រាប់អ្នកទេសចរបែបលំហែ។ ហើយជារើយៗ គេឃើញអ្នកទេសចរបែបលំហែបានប្រើប្រាស់តង់ ដើម្បីបោះជាជំរុំលើកោះខ្សាច់ បន្ទាប់មកអាំងត្រីធម្មជាតិ ដុតមាន់ស្រែ ច្រៀងរាំ លេងទឹក ស្តាប់សម្លេងសត្វនៅពេលយប់ ក្រោមពន្លឺច័ន្ទ។
កោះទន្សាយ ជាកោះមួយស្ថិតក្នុងចំណោមកោះជាច្រើនផ្សេងទៀត ដែលមានសោភ័ណភាពស្រស់ស្អាតស្រដៀងៗគ្នា ស្ថិតនៅស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកមានសក្តានុពលផ្នែកទេសចរណ៍ និងធន់ធានមច្ឆាជាតិក៏ជាទីតាំងរមណីយដ្ឋាន អេកូទេសចរណ៍ មួយ នៅតាមបណ្ដោយទន្លេមេគង្គលើផងដែរ ។
បើតាមលោក លី មីណា អភិបាលស្រុកមួយនេះ បានបញ្ជាក់ថា សក្តានុពលធម្មជាតិទាំងនេះ បានអំណោយផលល្អទៅលើវិស័យទេសចរណ៍ ហើយអាជ្ញាធរស្រុកកំពុងជំរុញឲ្យប្រជាសហគមន៍យកចិត្តទុកដាក់អនុវត្តទៅតាមគោលការណ៍របស់មន្ទីរទេសចរណ៍ធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវមានការពេញចិត្ត ពេលបានមកទស្សនាម្ដងហើយ ឱ្យចង់មកម្ដងទៀត។
លោកបន្តថា ជាមួយគ្នានេះ ប្រជាសហគមន៍ទាំងអស់ត្រូវលើកកម្ពស់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់លើកស្ទួយវិស័យទេសចរណ៍ ទាំងវិស័យដឹកជញ្ជូន ការរៀបចំលក់ដូរអាហារមាន គុណភាព អនាម័យ រសជាតិឆ្ងាញ់ និងការស្នាក់នៅប្រកបដោយសុវត្ថិភាព។
ពាក់ព័ន្ធផ្នែកសេវាកម្ម អនុប្រធានសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយសែនជ័យ លោក សាន ម៉ៅ អ្នកទទួលសេវាដឹកជញ្ជូនបានបញ្ជាក់ថា ប្រជាសហគមន៍តែងតែប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរស្រុក និងមន្ទីរទេសចរណ៍ ព្រោះថា កិច្ចការងារប្រកបសេវាកម្មទេសចរណ៍នេះ សមាជិកសហគមន៍តែងតែទទួលបានការបណ្ដុះបណ្ដាលរួចមកហើយ ដូចនេះអ្វីកំពុងតែអនុវត្ត គឺបានយកចិត្តទុកដាក់ ទាំងផ្នែកសេវាកម្មដឹកជញ្ជូន ទាំងផ្នែកទទួលសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងការធានានូវសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរមកលេងកម្សាន្តឲ្យពេញចិត្ត។អនុប្រធានសហគមន៍ដដែលនេះ បានបន្តថា ការផ្ដល់ជូនភ្ញៀវទេសចរ មានដូចជា សេវាកម្មជិះទូក ដោយទូក១គ្រឿងតម្លៃ៤ម៉ឺនរៀល ទាំងទៅនិងត្រឡប់មកវិញ ដែលអាចជិះបានចាប់ពី៤-៧នាក់ ផ្ទះស្នាក់តម្លៃក្នុងម្នាក់៤ដុល្លារក្នុងមួយយប់ ដែលអាចគេងបានចំនួន៣នាក់ តង់សម្រាប់បោះជំរុំគេងលើខ្សាច់១តម្លៃ៤ម៉ឺនរៀលក្នុងមួយយប់ អាចគេងបានចំនួន២នាក់។ ចំណែកម្ហូបអាហារ ក្នុងមួយពេលតម្លៃ៤ដុល្លារក្នុងម្នាក់ ។
លោក ស៊ីន សុភា សមាជិកសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ បានទទួលយកការក្រើនរំលឹកនេះ ព្រោះជាកិច្ចការប្រចាំគ្រួសាររបស់យើង នៅពេលមានភ្ញៀវទេសចរមកលេងច្រើនការលក់ដូរក៏បានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍នេះផងដែរ។
លោកទទួលស្គាល់ថា ភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាលបើកឡើងវិញនូវវិស័យទេសចរណ៍សង្កេតឃើញមានភ្ញៀវទេសចរជាតិរបស់យើងមកលេងកម្សាន្តជាហូរហែ នេះហើយជាការជំរុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចម្រើនឡើងវិញ ដល់ប្រជាពលរដ្ឋនៅតាមទីជនបទ។
ទាក់ទិនតំបន់រមណីយដ្ឋានបុរីអូរស្វាយសែនជ័យ ភ្ញៀវទេសចរមកលេងកម្សាន្តភាគច្រើន គឺនិយមបោះតង់នៅកោះខ្សាច់ ដែលអាចទស្សនាសត្វស្លាបរាប់រយប្រភេទនៅតាមដងទន្លេមេគង្គ ពេលថ្ងៃលិចក៏ដូចជាថ្ងៃរះ ទស្សនាព្រៃលិចទឹក មានដើមរំចេង ក្រែង រាំង ដើមជ្រៃ ថ្មប៉ប្រះទឹក ថ្មកំបោ ពំនូកខ្សាច់សប្បុស ដែលជាធន់ធានសក្តានុពលធម្មជាតិ អំណោយផលទៅលើវិស័យទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវឲ្យមកលេងកម្សាន្តម្តងហើយចង់មកម្តងទៀត៕