រាជធានីភ្នំពេញ ៖ ទីបំផុតដូចជាការទាយទុកមុនមែន កីឡាករសូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក មានឱកាសរកបាន៣ពិន្ទុជាលើកដំបូង ក្រោយពីបានយកឈ្នះលើកីឡាករសេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប សម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី៤ វគ្គសន្សំពិន្ទុវិលជុំឈានទៅដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី៣០ មេសា។
កាលពីប្រកួតបើកឆាកកីឡាកេសេក គឹមរួន ជាអ្នករកបាន៣ពិន្ទុមុនគេ ប៉ុន្តែសម្រាប់ការមកប៉ះជាមួយសូត ខេវិន លើកនេះត្រូវបានអ្នកតាមដានការប្រកួតទាយទុកមុនរួចហើយថា ប្រហែលជាមិនអាចទៅរួចនោះទេ ។ ទោះជាយ៉ាងណា សេក គឹមរួន អាចតស៊ូបាន៥ទឹកពេញ មិនតែប៉ុណ្ណោះសូត្រ ខេវិន ទម្រាំយកឈ្នះសេក គឹមរួន បានក៏វេទនាខ្លួនមិនតិចដែរ គឺឈ្នះទាំងប្រផិតប្រផើយបំផុត។
ទោះបីជាគេទាំងពីរមាន៣ពិន្ទុនៅក្នុងដៃដូចគ្នាមែន ប៉ុន្តែសម្រាប់ឱកាសឡើងទៅប្រកួតនៅវគ្គបន្តសូត្រ ខេវិននៅមានប្រៀបជាង ព្រោះអ្នកដែលគេត្រូវជួបលើកក្រោយគឺភុំ សារ៉ាយ ដូច្នេះភាគរយនៃការយកឈ្នះច្រើនជាងចាញ់ បានន័យថា បើសិនជាគេឈ្នះមួយប្រកួតចុងក្រោយទៀតអាចកក់កៅអីឡើងទៅវគ្គបន្តបានហើយ។ ចំណែកសូត្រ ខេវិន ត្រូវប៉ះជាមួយកីឡាករជើងខ្លាំងឡុង សំណាង ដែលគេកំពុងតែមើលឃើញថាជាអ្នកដែលឈរនៅលេខរៀងទី១ក្នុងពូលរួចទៅហើយ។
ចំណែកកីឡាករភុំ សារាយ មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិន្ទ វិញនោះ មានតែផ្លូវហាលអាវច្រើនជាង ក្រោយពីការប្រកួតលើកនេះត្រូវឡុង សំណាង វាយឱ្យសន្លប់នៅត្រឹមទឹកទី១ប៉ុណ្ណោះ ។ ដូច្នេះសម្រាប់ការប្រកួតទាំងពីរលើកមកនះអត់ទាន់រកបានមួយពិន្ទុនៅឡើយនោះទេ ។ រីឯកីឡាករឡុង សំណាង វិញគេកំពុងតែឈរនៅលេខរៀងទី១ក្នុងពូលជាបណ្ដោះអាសន្តរួចទៅហើយៗ បើគេយកឈ្នះបានមួយប្រកួតទៀតនឹងអាចរកបាន៩ពិន្ទុ ។ ម្យ៉ាងវិញទៀតឡុង សំណាង គឺជាបេក្ខភាពតែម្នាក់គត់ដែលគេរំពឹងទុកថានឹងក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់គោជល់រដូវកាលថ្មីឆ្នាំ២០២២នេះ ៕