ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នឈ្នះ ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយ ឈ្នះៗ ខេត្តប៉ៃលិននេះ ដែលស្ថិតនៅ ភូមិស្រែត្នោត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាប់ផ្លូវក្រវ៉ាត់ក្រុង)។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលគ្រោងសាងសង់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដោយបញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
ឯកឧត្តមអនុគណៈកម្មាធិការ បានមានប្រសាសន៍បន្តថា៖ ជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ជាក់ស្តែងនៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា ៖សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។
សូមបញ្ជាក់ថា៖ ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន ដែលត្រៀមបញ្ចុះបឋមសិលាសាងសង់នៅដើមខែឧសភា ខាងមុខនេះ ដោយប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ៕