ប្រជាការពារភូមិចំនួន ៣០នាក់ មកពីភូមិក្ងោក និងភូមិតាង៉ែនក្រោម ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ទទួលបានសម្លៀកបំពាក់ប្រជាការពារភូមិពីឯកឧត្តមស្លេស យូរ ប្រធានក្រុមការងារបក្សចុះជួយភូមិទាំងពីរ។ពិធីចែកសំលៀកបំពាក់ប្រជាការពារភូមិនេះបានធ្វើឡើងនៅទីស្នាក់ការបក្សភូមិក្ងោក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារបក្សចុះជួយឃុំស្ទឹងកាច់ រួមទាំងប្រធាន អនុប្រធាន និងសមាជិក សមាជិកាបក្សចុះជួយភូមិក្ងោក និងភូមិ តាង៉ែនក្រោមមួយចំនួនទៀតផងដែរ។
សំលៀកបំពាក់ប្រជាការពារភូមិ ដែលក្រុមការងារបក្សយកទៅផ្ដល់ជូនដល់ប្រជាការពារភូមិទាំងពីរនាពេលនោះ រួមមាន អាវមួយ ខោមួយ ទ្រនាប់ជើងមួយគូរ សារុងមួយ និងថវិកាចំនួន ១ម៉ឺនរៀលផងដែរ។
ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារបក្សចុះជួយឃុំស្ទឹងកាច់ បានមានប្រសាសន៍ថា ប្រជាការពារភូមិ គឺជា អ្នកដែលមានការលះបង់ខ្ពស់ ក្នុងកិច្ចការងារជួយសង្គមជាតិរបស់យើង ដោយសារប្រជាការពារភូមិទាំងអស់ ជាអ្នកស្ម័គ្រចិត្ត និងធ្វើការដោយមិនមានប្រាក់បៀវត្សន៍នោះឡើយ។ ដូច្នេះការផ្ដល់សំលៀកបំពាក់ ឯកសណ្ឋានប្រជាការពារភូមិ នាពេលនេះ គឺគ្រាន់ ជាការលើកទឹកចិត្តបន្តិចបន្ទួចដល់ប្រជាការពារភូមិរបស់យើង ដើម្បីជំរុញការអនុវត្តការងារដែលបានផ្ដល់ជូន ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ប្រជាការពារភូមិមានតួនាទីផ្តលកិច្ចសហការជាមួយលោកមេភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងឃុំ-សង្កាត់ដែលខ្លួនរស់នៅ លើការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសលើការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល មានដូចជា ការងារទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន ការបង្ក្រាបទប់ស្កាត់ក្មេងទំនើង និងការងារទប់ស្កាត់អំពើចោរកម្មគ្រប់ប្រភេទជសដើម រួមទាំងការងារផ្សេងៗទៀត តាមការចាត់តាំង។ ឯកឧត្តមក៏បានមានប្រសាសន៍ណែនាំដល់ប្រជាការពារភូមិទាំងអស់ មិនត្រូវយកតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តអំពើអ្វីដែលខុសទៅនឹងច្បាប់ ខុសទៅនឹងប្រពៃណី ទំនៀមទម្លាប់ និងក្រមសីលធម៌របស់ប្រជាជនកម្ពុជាយើងនោះឡើយ៕ អត្ថបទ៖ វួច ពឿន AKP ប៉ៃលិន