ប៉ៃលិន៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងទ័ព នៅអង្គភាពចំនួន ៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តម អ៊ី ឈាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់សុខទុក្ខរបស់កងកម្លាំង ដែលកំពុងឈរជើងតាមគោលដៅ និងការពារព្រំដែន សមរភូមិមុខ ព្រមទាំងសម្តែងនូវការកោតសរសើរ រាល់ការពុះពារការលំបាក ខិតខំបំពេញភារកិច្ច របស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនប្រកបដោយមិត្តភាព សន្តិភាព សហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍លើកឡើងថា៖ ស្នាដៃនេះរបស់កងកម្លាំង គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេចបានរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់ នៅសមរភូមិក្រោយ ហើយនេះជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយ ដែលជាបុព្វហេតុ ដើម្បីធានាឲ្យប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខប្រកបដោយចីរភាព ពិតប្រាកដ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ និងខិតខំបំពេញការងារទាំងកំលាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញបេសកកម្មការពារបូរណៈភាពទឹកដី និងចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ ជាពិសេសទឹកចិត្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងអណត្តិបន្តបន្ទាប់ទៀត និងគាំទ្របេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
សូមបញ្ជាក់ថា៖ អង្គភាពចំនួន ៣ ដែលទទួលអំណោយផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ រួមមាន៖ ១-វរៈសេនាតូចអន្តរាគមន៍លេខ ៥៣៤, ២-កងការពារព្រំដែនលេខ ៥០៤ និង ៣-កងវរៈសេនាតូចថ្មើរជើងលេខ ៥២៣ ដោយមួយអង្គភាពៗ ទទួលបានថវិកា ចំនួន ៤លានរៀល និងភេសជ្ជៈ ចំនួន ៦០កេស ៕អត្ថបទ៖ ញ៉ឹប បូរី