ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញតំបន់ទេសចរណ៍មួយកន្លែង ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរព្រំដែនកម្ពុជា-ថៃ មានទេសភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ដោយមានផ្ទាំងថ្មតូចធំ អាចឱ្យភ្ញៀវមកពីទីជិតឆ្ងាយ អង្គុយលេងបាន ខណៈភ្ញៀវទេសចរភាគច្រើនហាក់ដូចជាមើលរំលង មិនសូវបានដឹង និងស្គាល់កន្លែងមួយនេះទេ។
លើសពីនេះ តំបន់ទេសចរណ៍មួយនេះ នៅក្បែរនឹងច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមស្ត្រីម្នាក់មានឈ្មោះ លីន ជាអ្នកជួលដីគេរៀបចំធ្វើខ្យូសទទួលភ្ញៀវ បានរៀបរាប់ឱ្យដឹងថា ៖ កន្លែងទេសចរណ៍មួយនេះ គឺគាត់បានរៀបចំតុបតែងជាកន្លែងអង្គុយលេងកម្សាន្ត និងមានខ្យូសតូចធំសម្រាប់ឱ្យភ្ញៀវចូលហូបអាហារជួបជុំគ្រួសារជាង១០ខ្នង នៅក្បែរមាត់អូរ ព្រំដែនកម្ពុជា-ថៃ ដែលមានទឹកអូរហូរគ្រឿនៗ ធ្លាក់មកពីប្រទេសថៃតែម្តង។
ប្រភពដដែលបន្តថា កាលពីមិនទាន់បិទច្រកទ្វារព្រំដែន ដោយសារបញ្ហាជំងឺកូវីដ១៩ គឺមានភ្ញៀវចូលមកហូបអាហារជាច្រើន ដោយមានអ្នកចេញ-ចូលរកស៊ីដឹកទំនិញ យកទៅលក់ដូរនៅប្រទេសថៃ ។ ក៏មានភ្ញៀវខ្លះចូលមកលេងកាស៊ីណូនៅក្បែរព្រំដែន ចូលទៅនាំគ្នាអង្គុយលេងក្នុងកន្លែងរបស់ខ្លួន តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់ភ្ញៀវបន្តិច។ ដូច្នេះ បើសិនជាភ្ញៀវទេសចរនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញចាប់អារម្មណ៍ អាចចូលលេងកន្លែងគាត់ផងដែរ។
គាត់បញ្ជាក់ថា ម្ហូបអាហារលក់ក្នុងតម្លៃសមរម្យ មានដូចជាត្រីរ៉ស់ស្ងោជ្រក់ ស្លរកង្កែប អន្ទង់ ឆាក្តៅមាន់ ព្រមទាំងមានម្ហូប ពិសេសគឺសត្វកន្ធាយចិញ្ចឹមលើកយកមកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលលក់ក្នុងតម្លៃ ១ក្បាល៧ម៉ឺនទៅ៨ម៉ឺនរៀល អាចធ្វើម្ហូបជាស៊ុប ស្លរ ឬ ចំហុយក៏បានដែរ៕