រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តដ៏ធំដែលគ្រោងនឹងធ្វើឡើងមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤-១៥ឧសភា ខាងមុខនេះ ត្រូវបានគេរំពឹងថាកាន់តែមានភាពល្អប្រសើរឡើងចាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ មូលហេតុដោយសារតែការប្រកួតលើកនេះកម្ពុជា មិនពឹងផ្អែកទៅលើក្រុមបច្ចេកទេសអន្តរជាតិទៀតនោះទេ។
លោកហូ សិទ្ធីគុណ ភ្នាក់ងាររៀបចំ Kara កម្ពុជាបានឱ្យដឹងថា ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជាទៀតផងនោះ Karaនឹងទទួលបានឱកាសរៀបចំនូវព្រឹត្តិការណ៍នៃការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គKhmer Rally Raid Practice2022ដោយខ្លួនឯងជាលើកដំបូងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤-១៥ឧសភា ហើយក៏ជាឱកាសដើម្បីផ្ដល់ឱ្យក្រុមយុវជនយុវនារីបានបញ្ចេញសមត្ថភាពផងដែរ ហើយអ្វីដែលគួឱ្យមានមោទកភាពបំផុតនោះការប្រកួតលើកនេះគឺប្រើប្រាស់ក្រុមការងារបច្ចេកទេសជាកូនខ្មែរសុទ្ធ គឺមិនប្រើប្រាស់ក្រុមកាងារបច្ចេកទេសអន្តរជាតិដូចមុនទៀតនោះទេ ។
ដោយកន្លងមកយើងបានបញ្ជូនក្រុមការងារចំនួន២០នាក់ទៅសិក្សាជំនាញបច្ចេកទេសនៅក្រៅប្រទេស តាមជំនាញនីមួយៗដើម្បីរៀបចំការប្រកួតខ្លួនឯងបែបនេះ ។ ចំពោះការប្រកួតលើកនេះត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់ទៅដល់ក្រុមការងាបច្ចេកទេស ដោយបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ថាកំពុងតែបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័សនឹងមិនយូទៀតនោះទេ កម្ពុជាអាចតាមទាន់ជាមួយបណ្ដាប្រទេសជិតខាងបានហើយ។
លោកក៏បានបន្ថែមឱ្យដឹងទៀតថា ព្រឹត្តិការណ៍ Khmer Rally Raid Practice2022 ដែលគ្រោងនឹងធ្វើឡើងរយៈពេកពីរថ្ងៃនេះ គឺចេញដំណើរពីរាជធានីភ្នំពេញសំដៅទៅខេត្តកំពតហើយវិលពីខេត្តកំពតមករាជធានីភ្នំពេញវិញ ដោយបច្ចុប្បន្នកំពុងតែទទួលបានការចុះឈ្មោះចូលរួមប្រកួតលើសការំពឹងទុកខណៈការប្រកួតគណៈកម្មការកំណត់ប្រភេទរថយន្តយកត្រឹម២០គ្រឿងម៉ូតូ២០គ្រឿងប៉ុណ្ណោះ ។
ទោះជាយ៉ាងណាគណៈកម្មការជំនាញបាននឹងកំពុងតែធ្វើការពិចារណាថែមទៀត ធ្វើយ៉ាងឱ្យកីឡាករ-កីឡាការិនីមានឱកាសបានចូលរួមដោយសប្បាយរីរាយទាំងអស់គ្នា។ហើយសម្រាប់ការប្រកួតលើកនេះទៀតត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រហើយសម្រាប់កម្ពុជា មិនត្រឹមតែទទួលបានការគាំទ្រពីស្ថាប័នជំនាញប៉ុណ្ណោះនោះទេ ហើយថែមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហ៊ឹងពីសំណាក់កីឡាករ កីឡាការិនីថ្មីសុទ្ធនាំគ្នាចូលរួមចុះឈ្មោះប្រកួតយ៉ាងច្រើនកុះករ៕