នរណាក៏ដឹងថា ផ្លែស្វាយមានជីវជាតិល្អសម្រាប់ការទទួលទានដែរ។ តែមិនសូវជាមានអ្នកស្គាល់ពីគុណប្រយោជន៍របស់ស្លឹកស្វាយឡើយ។ ស្លឹកស្វាយមានវីតាមីន A, B, និង C ហើយពួកវាមានផ្ទុកសារធាតុគីមីល្អៗសម្រាប់សុខភាពដូចជា flavonoids និង phenols ដែលជាសមាសធាតុចម្បងនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ សម្រាប់ការទទួលទាន មនុស្សតែងតែចូលចិត្តវាក្នុងទម្រង់ជាតែ ឬកិនជាម្សៅ ហើយដាក់ក្នុងម្ហូប។
១. ជួយក្នុងការរំលាយអាហារ និងសម្រកទម្ងន់
ស្លឹកស្វាយជួយរំលាយអាហារ និងជួយសម្រកទម្ងន់។ ស្លឹកវាមានអង់ស៊ីម និងអរម៉ូនដែលបង្កើនអត្រានៃការរំលាយអាហារ និងគ្រប់គ្រងជាតិខ្លាញ់ឱ្យបានល្អនៅក្នុងរាងកាយ។ ដាំស្លឹកស្វាយខ្ចីមួយភ្លែត ស្រង់ទឹកចេញ ហើយផឹកជាតែ។
២. កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម
ស្លឹកស្វាយមានផ្ទុកសារធាតុ tannin photochemical ហៅថា anthocyanins។ ស្លឹកឈើស្ងួត បុក ឬកិនជាម្សៅ រួចបន្ថែមទឹកផឹក។ វាត្រូវបានគេប្រើដើម្បីគ្រប់គ្រង និងព្យាបាលជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូងរបស់វា។
៣. ព្យាបាលការគេងមិនលក់
ប្រសិនបើអ្នកពិបាកគេងនៅពេលយប់ អ្នកអាចបន្ថែមស្លឹកស្វាយទៅក្នុងទឹកងូតរបស់អ្នក មុនពេលចូលគេង។ ការសិក្សានិយាយថាទង្វើដ៏សាមញ្ញនេះជួយធ្វើឱ្យរាងកាយរបស់អ្នកស្ថិតក្នុងសភាពស្ងប់ស្ងាត់។ ដូចនេះ រាងកាយរបស់អ្នកបានធូរស្រាល និងស្រស់ស្រាយ។
៤. ជម្រុញឱ្យស្បែកមានសុខភាពល្អ
ស្លឹកស្វាយមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដែលជួយព្យាបាលការឆ្លងមេរោគលើស្បែកដោយបាក់តេរីផងដែរ។ វាក៏ជាឱសថដ៏ល្អសម្រាប់ព្យាបាលកន្ទួលរមាស់ រលាក និង ដំបៅស្បែកផងដែរ៕