រាជធានីភ្នំពេញ ៖ កីឡាករជម្រើសជាតិប្រដាល់សាកលកម្ពុជាចំនួន៣រូប បន្តហ្វឹកហាត់នៅប្រទេសថៃរហូតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រវៀតណាមនាខែឧសភាមកដល់ ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកម្ពុជា។
កីឡាករជម្រើសជាតិប្រដាល់សាកលកម្ពុជាទាំង៣រូបនេះ មានកីឡាករសៅ រង្សី, កីឡាករទូច ដេវីត និងកីឡាករវី សុភ័ស បានចាកចេញពីខេត្តភូកេតធ្វើដំណើរទៅកាន់ខេត្តSaraburi ដើម្បីបោះជុំរំហ្វឹកហាត់បន្តក្នុងមជ្ឈមណ្ឌលប្រមូលផ្ដុំក្រុមជម្រើសជាតិថៃMuak Lek National Sport Training Centerដែលមានកីឡាករថៃ ហ្វីលីពីន និងវៀតណាមរហូតដល់ថ្ងៃទី៨ឧសភាទើបត្រឡប់មកប្រទេសកម្ពុជាវិញ។
ជាមួយនឹងមានការបន្តបោះជុំរំនេះទៀតកើតឡើង បន្ទាប់ពីអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានស្នើសំកិច្ចសហប្រតិបត្តិការជាសហព័ន្ធកីឡាប្រដាល់សាកលថៃ ហើយភាគីថៃក៏បានឯកភាពយល់ព្រមតបតាមសំណើរ ព្រមទាំងបានជួយបន្តឧបត្ថម្ភថ្លៃស្នាក់នៅ ហូបចុកដល់ក្រុមកីឡាករប្រដាល់សាកលជម្រើសជាតិកម្ពុជាទាំង៣រូបក៏ដូចជាការប្រកួតសមនៅទីនោះ។
លោកប៊ុយ សោភ័ណ្ឌថា ការហ្វឹកហាត់នៅក្រៅប្រទេស គឺជាផលវិជ្ជមានមួយសម្រាប់កីឡាករប្រដាល់សាកលកម្ពុជា ក្នុងការជួយពង្រឹងនិងពង្រីកសមត្ថភាព បច្ចេកទេសបន្ថែមដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមដែលនឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមខែក្រោយនេះ។ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះវាមានឱកាសប្រកួតសមជាមួយកីឡាករខ្លាំងៗ ដូជថៃ វៀតណាមនិងហ្វីលីពីនជាដើម ។ យោងតាមលទ្ធផលដែលបានធ្វើការហ្វឹកហាត់នៅខេត្តភូកេតមួយរយៈមកនេះពួកគេធ្វើបានល្អប្រសើរ ក្នុងការប្រកួតជាលក្ខណៈមិត្តភាពលក្ខណៈអន្តរជាតិ។
គួរម្លឹកផងដែរថា កីឡាករជម្រើសជាតិប្រដាល់សាកលកម្ពុជាទាំង៣រូបខាងលើបានចូលរួមប្រកួតក្នុងកម្មវិធីThailand Open International Boxing Tournament2022នៅប្រទេសថៃក្រោមការជួយឧបត្ថម្ភការហូបចុកស្នាក់នៅពីភាគីថៃតាំងពីថ្ងៃទី២៦មិនារហូតដល់ថ្ងៃទី១០មេសា ហើយបានបន្តទៅហ្វឹកហាត់នៅក្នុងជុំរំនៅខេត្រSaraburiរហូតមកទល់ពេលនេះ ។ ចំពោះលទ្ធផលដែលទទួលបានកីឡាករទូច ដេវីត កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿងក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម៕