ខេត្តសៀមរាប ៖ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី១៣កើត ខែចេត្រ ជាថ្ងៃដ៍នក្ខតឬក និងជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របនឹងខេត្តសៀមរាប មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត នៅថ្ងៃទី១៤ ដល់ទីថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ ព្រមទាំងភ្លៀវទេស ចរជាតិ និងអន្តរជាតិ ដើរទស្សនាកំសាន្តទាំងថ្ងៃទាំងយប់យ៉ាងច្រើនកុះករផងដែរ។
ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ យើងសង្កេតឃើញវត្តមានអញ្ជើញចូលរួមរបស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប រួមទាំងអស់លោក លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត រដ្ឋលេខាធិការ និងលោក លោកជំទាវជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ប្រធានការិយាល័យអគ្គកុងស៊ុលចិនប្រចាំខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពុទ្ធ បរិស័ទ អញ្ជើញចូលរួមក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនានិងជំនឿ ដែលបានបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ។
ក្នុងឱកាសចូលឆ្នាំៗនេះ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរួមសហការរៀបចំឡើងវិញនូវសៀមរាប- សង្ក្រាន្ត នៅប្រាសាទចៅសាយទេវតា និងនៅក្នុងក្រុងសៀមរាប បន្ទាប់ពីពិធីនេះត្រូវបានអាក់ខានអស់រយៈពេល២ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ-១៩ ។
ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំនេះ រួមជាមួយនឹងព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ផងនោះ គេសង្កេតឃើញមានក្រុមកំលោះក្រមុំ ចាស់ក្មេងប្រុសស្រីសប្បាយរីករាយ ទឹកមុខស្រស់ស្រាយញញឹមផ្តោះផ្តងសួរសុខទុក្ខគ្នាបង្ហាញពីក្តីនឹករលឹក បន្ទាប់ពីរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំ ពួកគាត់នាំគ្នាលេងល្បែងប្រជាប្រីយ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ វា.យឆ្នាំងដី លោតបាវ និងរាំសប្បាយផងដែរ ។
បងប្អូនប្រជាពល រដ្ឋបានសម្តែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបាននាំមកនូវសន្តិភាព ពេញលេញ និងការរីកចម្រើនលូតលាស់ឈានឡើងជាលំដាប់របស់ប្រទេសជាតិយើង ជាពិសេសសមិទ្ធផលថ្មី គឺហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខ្សែ នៅខេត្តនេះបានសាងសង់រួចរាល់ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមខេត្តសៀមរាបថា ជាតារារះទិសឧត្តរទៀតផង ។
អ្នកទេសចរណ៍ក្នុងស្រុកនិយាយថា អរគុណសម្តេចតេជោ ដែលបានផ្តល់ជូនវ៉ាក់សាំងចាក់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជម្រុញ ផ្តល់នូវយ័នការពារយ៉ាងសាកសិទ្ធិ គឺវិធានការ «៣កុំ និង៣ការពារ» ទើបពួកខ្ញុំមានឱកាសបានជួបជុំ និងដើរកម្សាន្តនាពេលនេះ ។ ដោយសារតែកត្តាសន្តិភាព និងការខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភ្ញៀវបរទេស មានឱកាសបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការសៀមរាបសង្ក្រាន្ត លើទឹកដីខេត្តសៀមរាប ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសពិធីបើកសៀមរាប-សង្ក្រាន្តបានបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រ ក្នុងការប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងបរិបទកូវីដ១៩។ ឆ្នាំនេះ សង្ក្រាន្តឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅតាមបណ្ដារាជធានី ខេត្តមួយចំនួន ដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនៈភាពជាតិ។ តាមរយៈសៀមរាប-សង្ក្រាន្ដនេះ ខេត្តសៀមរាបរំពឹងទុកថា នឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាកម្ពុជាឡើងវិញ ហើយចរន្តសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក៏នឹងប្រសើរឡើងផងដែរ ។
លោកបានរម្លឹកផងដែរថា ទោះជាស្ថិតក្នុងដំណាក់កាលនៃផលប៉ះពាល់ ដោយសារជំងឺកូវីដធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ជាសក្ខីភាពហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺ សាធារណៈ និងកែលម្អស្ទឹងសៀមរាប គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់ខេត្តសៀមរាប ដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានប្រសិទ្ឋិនាមខេត្តសៀមរាបថាជាតារារះនៅទិសឧត្តរ ។
លោក ប្រាក់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ឧត្តមភាពនៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ កន្លងមក បានបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរ ក្នុងនិងក្រៅប្រទេស ចូលមកទស្សនាកម្សាន្តខេត្តសៀមរាប កាន់តែមានការកើនឡើងជាបន្តបន្ទាប់។
ក្រោយពីការបញ្ចប់អង្គរសង្ក្រាន្ត រដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំសៀមរាប-សង្ក្រាន្ត នៅឆ្នាំ២០១៩ ។ តែអកុសលខេត្តទេសចរណ៍មួយនេះ ក៏ដូចនៅទូទាំងប្រទេស និងលើពិភពលោក បានជួបនូវវិបត្តិកូវីដ១៩ បានធ្វើឲ្យមានការអាក់ខានការប្រារព្ធអស់រយៈពេល២ឆ្នាំ។ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានបើកឲ្យដំណើរឡើងវិញ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអាជ្ញាធរជាតិអប្សរាបានរៀបចំនូវព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើងក្នុងបរិបទកូវីដ១៩ ។
ការរៀបចំសៀមរាប-សង្ក្រាន្តនេះ គឺជាចលករជួយជម្រុញដល់សេវាកម្មទេសចរណ៍នានារបស់ខេត្ត រួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ ឌីស្គូតែក ផ្សារទំនើប ។ល។ ទទួលបាននូវការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនការងារដល់បងប្អូនប្រជា ពលរដ្ឋមួយចំនួនក្នុងខេត្តផងដែរ ។
លោកបានបញ្ជាក់ថា សៀមរាប-សង្ក្រាន្ត មានកម្មវិធីសប្បាយៗ ជាច្រើនដូចជា ជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្ត្រីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគំតន្ត្រីខ្នាតយក្ស ពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម «កិរិណីទេវី» ពិធីពួនភ្នំខ្សាច់ និងរួមមានការរៀបចំ ជាភូមិខ្មែរ មានលេងល្បែងប្រជាប្រីយ៍ និងការលេងល្ខោនបាសាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីចូលរួម ថែរក្សាវប្បធម៌ដូនតារបស់យើងឲ្យបានគង់វង្សស្ថិតស្ថេរជាអតមៈ និងដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាប អមទៅដោយទេសភាពដ៏សែនត្រជាក់ភ្នែក នៃគម្រោងផ្លូវទាំង៣៨ខ្សែ និងស្ទឹងសៀមរាបដ៏ស្រស់បំព្រង ដែលមានការតុបតែងលម្អរភ្លើងចម្រុះព័រណ៌គួរឲ្យគយគន់ ៕