ឪពុកម្តាយជាច្រើនប្រាកដជាបានឃើញការលោតផ្លោះដ៏ធំចំពោះកូនរបស់ពួកគេ ពីការដែលចេះនិយាយពាក្យ និងឃ្លាសាមញ្ញនៅពេលពួកគេនៅតូច រហូតដល់ការសន្ទនាពេញលេញជាមួយអ្នកដទៃនៅពេលពួកគេធំឡើង ។ ដំណាក់កាលនេះអាចជាការគួរឱ្យខ្លាច និងគួរឱ្យរំភើបសម្រាប់ឪពុកម្តាយ ដោយសារតែអ្នកអាចប្រឈមមុខនឹងសំណួរដ៏លំបាកបំផុតមួយចំនួនអំពីជីវិត ឬអ្នកនឹងមានអារម្មណ៍រីករាយណាស់ដែលបានឃើញកូនរបស់អ្នកបង្ហាញពីគំនិតរបស់ពួកគេយ៉ាងល្អ ។
ប៉ុន្តែពេលខ្លះ កុមារមិនដឹងថា ត្រូវគូរបន្ទាត់ទាក់ទងនឹងការប្រាស្រ័យទាក់ទងនៅឯណា ហើយពួកគេមិនយល់ពីគោលគំនិតនៃភាពឯកជន ។ ដូច្នេះ ប្រសិនបើអ្នកមានកូនដែលចូលចិត្តនិយាយច្រើន អត្ថបទមួយនេះស្ថិតនៅកន្លែងត្រឹមត្រូវហើយ ខណៈដែលយើងខ្ញុំនឹងចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនក្នុងការចិញ្ចឹមកូនដើម្បីដោះស្រាយជាមួយកូនដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោច ។
វាមានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួននៃការដែលមានកូនដែលចូលចិត្តនិយាយច្រើន ។ ពួកគេមានផាសុកភាព និងមានទំនុកចិត្តខ្លាំងក្នុងការទំនាក់ទំនងអារម្មណ៍របស់ពួកគេ ។ ធម្មជាតិនៃការបញ្ចេញមតិរបស់ពួកគេ ធ្វើឱ្យពួកគេមានគំនិត និងត្រៀមខ្លួនសម្រាប់ភាពជោគជ័យនាពេលអនាគត ។ យ៉ាងណាមិញ ឪពុកម្តាយជាច្រើនត្អូញត្អែរថា ពួកគេធុញ ហើយពេលខ្លះឪពុកម្តាយស្ទើរតែគ្មានពាក្យនិយាយ ។
គន្លឹះដោះស្រាយចំពោះកុមារដែលនិយាយច្រើន ៖
-កុំដាក់ស្លាកកូនរបស់អ្នក ៖ ការដាក់ស្លាកកូនរបស់អ្នកជាអ្នកនិយាយអាចមកជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់តម្លៃខ្លួនរបស់ពួកគេ ។ អ្នកគួរតែដឹងគុណពួកគេថា ពួកគេជានរណា ហើយដឹងគុណដែលពួកគេមានផាសុកភាព និងមានទំនុកចិត្តក្នុងការចែករំលែកគំនិតរបស់ពួកគេបានយ៉ាងល្អ ។
-អនុញ្ញាតឱ្យពួកគេនិយាយ ៖ ផ្តល់ឱ្យកូនរបស់អ្នកនូវពេលវេលាគ្រប់គ្រាន់ជារៀងរាល់ថ្ងៃដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ ។ អ្នកអាចមើលទៅក្នុងភ្នែករបស់ពួកគេ និងមានការសន្ទនាជាមួយពួកគេ ។ ពួកគេត្រូវដឹងថា មិនអីទេក្នុងការនិយាយ ។ យោងតាមអ្នកជំនាញ ក្នុងអំឡុងពេលសន្ទនា អ្នកក៏អាចជួយពួកគេឱ្យយល់អំពីសារៈសំខាន់នៃការស្តាប់អ្នកដទៃផងដែរ ។
-កំណត់ព្រំដែន ៖ ក្នុងនាមជាឪពុកម្តាយ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការបង្រៀនកូនរបស់អ្នកថា ពួកគេមិនគួរចែករំលែកអ្វីគ្រប់យ៉ាង ជំនួសមកវិញពួកគេគួរតែរក្សារឿងមួយចំនួនជាឯកជន ។ ពួកគេគួរតែយល់ថា កន្លែងមួយចំនួនដូចជាបណ្ណាល័យ ជាឧទាហរណ៍ គឺនៅក្រៅព្រំដែន ។ ការកំណត់ព្រំដែនខ្លះនឹងជួយពួកគេឱ្យចាប់យកសញ្ញាសង្គម ការបញ្ចេញមតិ និងភាសាកាយវិការរបស់អ្នកដទៃ ។
-លេងហ្គេមស្ងាត់ ៖ ប្រសិនបើការនិយាយមានសារៈសំខាន់ ការស្តាប់ក៏សំខាន់ផងដែរ ។ ដើម្បីបណ្តុះទម្លាប់នៃការស្តាប់កូនរបស់អ្នក ការលេងហ្គេមស្ងាត់ គឺជាគំនិតដ៏ល្អ ។ ក្នុងការប្រកួតនេះ អ្នកណាបំបែកភាពស្ងៀមស្ងាត់ (និយាយមុនគេ) មុនគេនឹងចាញ់ ។ នេះនឹងផ្តល់ឱ្យពួកគេនូវពេលវេលាគ្រប់គ្រាន់ដើម្បីស៊ាំនឹងគំនិតនៃការនៅស្ងៀម និងស្តាប់អ្នកដទៃ ។
-សកម្មភាពស្ងាត់ ៖ អ្នកអ្នកជំនាញស្នើឱ្យមានការពាក់ព័ន្ធនឹងកុមារនៅក្នុងសកម្មភាពកម្សាន្តមួយចំនួនដូចជា ការស្តាប់តន្ត្រី ឬអានសៀវភៅ ឬសកម្មភាពមួយចំនួនដែលមិនចាំបាច់និយាយ ។
-ត្រូវមានភាពវិជ្ជមាន និងអត់ធ្មត់ ។ វាអាចជាការនឿយហត់ក្នុងការដោះស្រាយជាមួយកុមារដែលនិយាយខ្លាំង ។ ដូច្នេះ គួរមានភាពវិជ្ជមាន និងអត់ធ្មត់ក្នុងការគ្រប់គ្រងពួកគេ ។ អ្នកក៏គួរតែផ្តល់ពេលខ្លះដល់ពួកគេ ដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ៕