ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី ៥ ខែមេសាថាកញ្ជ្រោងងាប់មួយក្បាលត្រូវបានរកឃើញថាឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងតំបន់ហុកកៃដូភាគខាងជើងប្រទេសជប៉ុន ដោយពណ៌នាវាថាជាករណីជំងឺផ្តាសាយបក្សីដំបូងរបស់ប្រទេសដែលរកឃើញនៅក្នុងថនិកសត្វ។
មន្ត្រីក្រសួងបរិស្ថានលោក អាកាណេ សូជី (Akane Shoji)បាននិយាយថា កញ្ជ្រោងនេះត្រូវបានជឿថាបានស៊ីបក្សីព្រៃដែលមានមេរោគ។
ខេត្តហុកកៃដូបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនអំពីជំងឺគ្រុនផ្តាសាយបក្សីកាលពីខែវិច្ឆិកា ដោយដំណើរការការត្រួតពិនិត្យជាប្រចាំលើគ្រោងឆ្អឹងបក្សី។
កាលពីថ្ងៃចន្ទ ខេត្តបានរាយការណ៍ថា សត្វក្អែកចំនួនប្រាំក្បាល ដែលពីមុនបានធ្វើតេស្តិ៍វិជ្ជមានជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញថាមានបរិមាណមេរោគក្នុងកម្រិតខ្ពស់នៅក្នុងការធ្វើតេស្តិ៍ដំណាក់កាលទីពីរ។
មន្ត្រីក្រសួងបរិស្ថានរូបនេះបាននិយាយថា ក្រោយមានទិន្នន័យករណីថនិកសត្វឆ្លងមេរោគផ្តាសាយនៅក្រៅប្រទេស ការឆ្លងរវាងសត្វកញ្ជ្រោងត្រូវបានចាត់ទុកថាមិនទំនងទេប៉ុន្តែមន្ត្រីនឹងបន្តតាមដានស្ថានភាពជំងឺគ្រុនផ្តាសាយបក្សីទាំងមូលនៅក្នុងតំបន់៕