ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និង ប្លែកភ្នែកបំផុតក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កៀកខិតជិតមកដល់ គេសង្កេតឃើញទីតាំងដងស្ទឹងសៀមរាប នៅក្នុងក្រុងសៀមរាប បានរៀបចំ ឱ្យមានទូកតូចធំជាច្រើនគ្រឿង គឿងមាត់ច្រាំងត្រៀបត្រា បូករួមទាំងផ្សារបណ្ដែតទឹក ដែលមានទូកដឹកអាហារលក់តាមមាត់ស្ទឹង សម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍មកកម្សាន្តកម្មវិធីសង្ក្រាន្តនាខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
សមិទ្ធផលទាំងនេះ ជាទស្សនីយភាពដ៏ប្លែកភ្នែក ដែលកម្របានឃើញនាពេលកន្លងមក ដែលវាត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាការចូលរួមសហការដោយទឹកចិត្តមោះមុតរបស់យុវជនកម្ពុជា ដែលបានច្នៃក្រុងសៀមរាបឱ្យកាន់តែស្រស់ស្អាត កាន់តែល្អប្រណីត បូកច្របាច់នូវប្រពៃណី វប្បធម៌ជាតិ ជាទីទាក់ចិត្តភ្ញៀវទេសចរណ៍ ឱ្យមកចង់ទស្សនាកម្សាន្តនៅទឹកដីដ៏អច្ឆរិយៈមួយនេះ។
គួរឱ្យដឹងផងដែរថា បើតាមការឱ្យដឹងពី រដ្ឋបាលខេត្តសៀមរាប ឆ្នាំនេះខេត្តសៀមរាប នឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើទីតាំងចំនួន ២ គឺ ៖
ទី ១. នៅក្នុងក្រុងសៀមរាប
ទី ២. នៅប្រាសាទចៅសាយចៅទេវតា
ចំពោះទីតាំងទាំង ២ ខាងលើ នឹងមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និង ការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ៕