ការគេងលើកជើងផ្អែកជញ្ជាំង គឺជាលំហាត់យូហ្កាងាយស្រួលដែលយើងអាចធ្វើជំនួសលំហាត់ដាំក្បាលចុះក្រោម ហើយទុកនាទីឱ្យទំនាញផែនដីធ្វើការលើជើង និងរាងកាយរបស់យើង។ តើការគេងលើកជើងផ្អែកជញ្ជាំងផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
១. ជួយឱ្យយើងស្ងប់អារម្មណ៍
ការគេងលើកជើងផ្អែកជញ្ជាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យអារម្មណ៍យើងស្ងប់ភ្លាមៗ។ ក្នុងអំឡុងពេលធ្វើលំហាត់នេះ យើងអាចដក់ដង្ហើមវែងៗដើម្បីទទួលបានលទ្ធផលទ្វេដង ព្រោះការដកដង្ហើមបានវែងៗអាចកាត់បន្ថយអត្រាចង្វាក់បេះដូងលោតដែលជួយឱ្យយើងបន្ធូរអារម្មណ៍ កាត់បន្ថយការថប់បារម្ភ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។
២. ជួយបំបាត់អាការៈចុករួយស្រពន់ជើង
ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងសរសៃពួរនៅភ្លៅខាងក្រោយដែលនឹងជួយបំបាត់អាការៈចុករួយស្រពន់ជើង បន្ទាប់ពីការធ្វើដំណើររយៈពេលវែង ការឈរ ឬអង្គុយនៅមួយកន្លែងពេញមួយថ្ងៃ។
កាលណាត្រគាករបស់យើងកាន់តែខិតទៅជិតជញ្ជាំង សរសៃពួរនៅភ្លៅខាងក្រោយរបស់យើងនឹងសន្ធឹងកាន់តែវែងដែរ។
៣. ជួយកាត់បន្ថយអាការៈចុករួយង្កេះផ្នែកខាងក្រោម
ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងឆ្អឹងខ្នងចង្កេះ និងសាច់ដុំខ្នងដែលនឹងជួយកាត់បន្ថយអាការៈចុករួយចង្កេះផ្នែកខាងក្រោម។
៤. បង្កើនចលនាឈាមរត់
ការធ្វើលំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយអាការៈហើមជើងដោយជួយបង្ហូរសារធាតុរាវដែលចាល់ក្នុងជើងមករាងកាយវិញ។ លើសពីនេះទៅទៀត ទំនាញផែនដីជួយឱ្យឈាមហូរត្រឡប់ទៅបេះដូងវិញបានល្អដែលនឹងជួយបង្កើនចលនាឈាមរត់ក្នុងខ្លួនរបស់យើង។
៥. ជំរុញការរំលាយអាហារ
ការគេងលើកជើងផ្អែកជញ្ចាំងអាចជួយសម្រួលចរន្តឈាមក្នុងពោះ និងកាត់បន្ថយការសង្កត់ទៅលើក្រពះ និងពោះវៀនដែល ការសង្កត់នេះប៉ះពាល់ដល់ការរំលាយអាហាររបស់យើង និងធ្វើឱ្យយើងហើមពោះ ច្រាល់ទឹកអាស៊ីដក្រពះ និងទល់លាមក។
៦. កាត់បន្ថយអាការៈឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង
ការគេងលើកជើងផ្អែកជញ្ជាំងជាប្រចាំអាចរួមចំណែកកាត់បន្ថយអាការៈការឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង ព្រោះការលើកជើងឡើងលើអាចជំរុញរំហូរឈាមត្រលប់ទៅកាន់បេះដូង និងបង្កើនចលនាឈាមរត់ក្នុងខ្លួនដែលធ្វើឱ្យរាងកាយយើងទទួលបានអុកស៊ីសែនគ្រប់គ្រាន់៕