រាជធានីភ្នំពេញ ៖ ក្រុមវិសាខាបានភ្លាត់ស្នៀតចាញ់ក្រុមបឹងកេត២-១ នៅលើទីលានព្រីនស៍ សម្រាប់ការប្រកួតនៅក្នុងសប្ដាហ៍ទី៥ នារសៀលថ្ងៃសៅរ៍ទី២មេសា ខណៈការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយណាហ្គាវើដ៍នៅលើទីលានកីឡដ្ឋានស្វាយរៀងត្រូវបានលើកពេលមកថ្ងៃអាទិត្យទី៣មេសាវិញដោយសាភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យរំខានដល់ការប្រកួត។
សម្រាប់ការប្រកួតរវាងក្រុមវិសាខានិងក្រុមបឹងកេតពិតជាមានភាពស្វិតស្វាញខ្លាំងណាស់នៅត្រឹមតង់ទី១ដោយទាំងសងខាងមានឱកាសវាយបកសងទៅវិញទៅមកបានយ៉ាងល្អបំផុត ធ្វើឱ្យចប់ការប្រកួតនៅត្រឹមតង់ទី១ក្រុមទាំងពីររកបានគ្រាប់បាល់១-១ស្មើគ្នា។ប៉ុន្តែចូលដល់តង់ទី២ក្រុមវិសាខានៅតែបន្តលេងវាយសម្រុក ដោយបានដាក់សម្ពាធទៅលើក្រុមបឹងកេតជាប់ ហើយថែមទាំងមានឱកាសស៊ុតបាល់បញ្ចូលទីខាងក្រុមបឹងកេតជាញឹកញាប់ទៀតផង គ្រាន់តែគ្មានសំណាងរកគ្រាប់បាល់បន្ថែមប៉ុណ្ណោះ ផ្ទុយទៅវិញបែជាភ្លាត់ស្នៀតដោយខ្សែការពាររារាំងមិនបានល្អត្រូវក្រុមបឹងកេតបន្ថែមគ្រាប់បាល់នាំមុខទី២បានសម្រេច។ចប់ការប្រកួត៩០នាទីក្រុមបឹងកេតយកឈ្នះវិសា២-១។
ចំណែកក្រុមអង្គរថាយហ្គឺបានយកឈ្នះលើក្រុមកងយោធពលខេមរៈភូមិន្ទដោយតឹងតែងបំផុតនៅក្នុងលទ្ធផល៥-៤សម្រាប់ការប៉ះជួបគ្នាក្នុងសប្ដាហ៍ទី៥នេះនៅលើទីលានហនុមានកាលពីល្ងាចថ្ងៃសៅរ៍ទី២មេសា។ការប្រកួតក្នុងតង់ទី១ក្រុមអង្គរថាយហ្គឺបានភ្លាត់ស្នៀតចាញ់ក្រុមកងយោធពលខេមរៈភូមិន្ទ២-១បាត់ទីហើយ។ដោយសាតែការលេងមិនចុះសម្រុងគ្នា ។
ចូលដល់តង់ទី២ភ្លាមក្រុមអង្គរថាយហ្គឺបាតប្ដូយុទ្ធសាស្ត្រលេងវាយសម្រុកតែម្ដងរហូតរកបានគ្រាប់បាល់នាំមុខ៤គ្រាប់បន្ថែមទៀត ខណៈក្រុមកងយោធពលខេមរៈភូមិន្ទរកបានតែ២គ្រាប់ប៉ុណ្ណោះ ជាលទ្ធផលបញ្ចប់ការប្រកួតតង់ទី២ក្រុមអង្គរថាយហ្គឺឈ្នះលើក្រុមកងយោធពលខេមរៈភូមិន្ទទាំងលំបាកក្នុងលទ្ធផល៥-៤ ។ ដោយឡែកក្រុមភ្នំពេញក្រោនដែលជាម្ចាស់ផ្ទះបានត្រឹមតែយកឈ្នះលើក្រុមភ្ញៀវគីរីវង្សសុខសែនជ័យក្នុងលទ្ធផល២-១ប៉ុណ្ណោះសម្រាប់ការជួបគ្នានៅលើទីលានស្មាត RSN កាលពីល្ងាចថ្ងៃសៅរ៍ ។
ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមណាហ្គាវើលដ៍នៅលើទីលានពហុកីឡដ្ឋានខេត្តស្វាយរៀងត្រូវបានគណៈកម្មការប្រកួតសម្រេចលើកពេលមកប្រកួតនៅថ្ងៃអាទិត្យវិញ បន្ទាប់ពីការប្រកួតក្នុងតង់ទី១ត្រូវបានបញ្ចប់ក្នុងលទ្ធផល០-០ ចូលដល់តង់ទីភ្លៀងធ្លាក់ខ្លាំងពេកមានការរំខានមិនអាចប្រកួតតទៅទៀតបាន ៕