ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គលបានរៀបចំពិធីព្រះរាជទានព្រះរាជអំណោយជាសំភារៈសិក្សាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាអូរប្រើស ព្រះរាជអធិបតី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងមានការអញ្ចើញចូលរួមពីសំណាក់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក លោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលរងក្រុង ចៅសង្កាត់ មេភូមិ លោកគ្រូអ្នកគ្រូសិស្សានសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ការបំពេញព្រះរាជបេសកម្មនាពេលនេះគឺបង្ហាញនូវព្រះរាជទ័យ យកចិត្តទុកដាក់គិតគូរដល់ប្អូនៗ និងក្មួយៗ ជាសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅទីនេះ ជាការរួមចំណែកដ៍ឧត្តុងឧត្តម ជាមួយរាជរដ្ឋាភិបាលក៍ដូចជារដ្ឋបាលខេត្តប៉ៃលិន ក្នុងការកសាងអភិវឌ្ឍធនធានមនុស្ស តាមរយៈវិស័យព្រះពុទ្ធសាសនា។ លោកបន្តថា៖ព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយមានការរីកចំរើន តាមដំណាក់កាលនីមួយៗ ចំពោះសមិទ្ធិផលជាច្រើនក្នុងសង្គម រួមមានសំណង់វត្តអារាម សាលារៀន បណ្តាល័យស្រាវជ្រាវជាដើម និងជាពិសេសព្រះពុទ្ធសាសនាបានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស គ្រប់ស្រទាប វណ្ណៈ អោយភ្លឺស្វាងក្នុងជីវិត ប្រាសចាកពីការប្រព្រឹត្តអំពើអាក្រក់ ងាកមកធ្វើអំពើល្អ ជាបុណ្យកុសលដែលជាមូលដ្ឋាន នៃសុខសន្តិភាពក្នុងសង្គម និងជាឃ្លាំងផ្ទុកនូវវប្បធម៌ ប្រពៃណីផូផង់របស់ជាតិខ្មែរយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
ក្នុងឱកាសនោះដែរលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖នេះជាលើកទី០១សម្រាប់ក្រុមការងារយើងក្នុងទឹកដីខេត្តប៉ៃលិនដែលបានធ្វើពិធីព្រះរាជទាន ព្រះរាជអំណោយជាសំភារៈសិក្សាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាអូរប្រើស ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវិស័យអប់រំអោយកាន់តែរីកចំរើន តាមរយៈព្រះពុទ្ធសាសនា។ដូច្នេះសូមអោយសិស្សានុសិស្សទាំងអស់អោយខិតខំយកចិត្តទុកដាក់សិស្សារៀនសូត្រអោយល្អ និងស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ និងជាពិសេសអាណាព្យាបាល មាតាបិតា ដើម្បីក្លាយខ្លួនជាក្មេងល្អ ជាសិស្សល្អ ជាកូនល្អ ចូលរួមលើកស្ទួយវិស័យអប់រំអោយបានកាន់តែល្អស្របតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ក៍ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជបានមានសង្ឃដីការថា៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ត្រូវបានរក្សាការពារដោយរដ្ឋាភិបាល និងមានប្រជាពលរដ្ឋជាង៨០% គោរពប្រតិបត្តតាមព្រះពុទ្ធសាសនា។ ទោះបីព្រះពុទ្ធសាសនាមានពីរ គណៈនិកាយ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺគណៈធម្មយុត្តិកៈនិកាយ និង គណៈមហានិកាយ តែមានគោលដៅរួមគឺ អប់រំពុទ្ធបរិស័ទអោយមានសទ្ធាជ្រះថ្លា ប្រព្រឹត្តនូវអំពើល្អ មានសន្តិសុខទាំងផ្លូវចិត្ត ផ្លូវកាយ ដែលជាការរួមចំណែកក្នុងការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងការអភិវឌ្ឍសង្គមជាតិរបស់យើងអោយមានការរីកចំរើន។ សម្តេចសង្ឃរាជក៏បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវមានស្មារតីសាមគ្គីភាពគ្នាអោយបានល្អ មិនត្រូវមានការបែងចែករវាងគណៈនិកាយទាំងពីរនោះឡើយ តែត្រូវរួមគ្នាអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាអោយបន្តរីកចំរើនទៅមុខទៀតដែលជាប្រយោជន៍សំរាប់ប្រទេសជាតិ ប្រជាជនទាំងអស់។
សូមបញ្ជាក់ថា៖អំណោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ ជាសំភារៈសិក្សាចែកជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាអូរប្រើស ប្រមាណ២០០នាក់ ក្នុងនោះរួមមាន៖កាតាប០១, សៀវភៅ១ក្បាល, ខ្មៅដៃ១, ប៊ិច១, បន្ទាត់១, ជ័រលប់១, ប្រដាប់ខួងខ្មៅដៃ១, មាស់១ដុំ និងថវិការចំនួន៥០០០រៀល។លោកគ្រូអ្នកគ្រូចំនួន០៧នាក់ ក្នុងនោះរួមមាន៖កាតា០១, សៀវភៅ១ក្បាល ,ប៊ិច១ដើម និងថវិការ៥០០០០រៀល។ ដោយឡែកលោកតា លោកយាយ ផ្តល់ជូនក្រម៉ា១ និងថវិការ១០០០០រៀលផងដែរ៕