ប៉ៃលិន៖ នៅមន្ទីរកិច្ចនារីខេត្ត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលនៅក្នុងនោះ(ស្ត្រីគឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត អំពីផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី ១១៤ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើក កម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ហើយប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្ដាំផ្ញើ និងសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ការងារបញ្ជាបយេនឌ័រ ដែលបានកំណត់នៅ ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង ៦ធំៗ រួមមាន÷ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ២-ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ, ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី, ៤-កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី, ៥- ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច និង ៦-ស្ត្រីនិងការប្រែប្រួសអាកាសធាតុ។
អត្ថបទ៖ លោក ញ៉ឹប បូរី
bore