ប៉ៃលិន៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទីទាល់ក្រ ចំនួន ៤៣៦គ្រួសារ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក, ជីវភាពខ្វះខាតទីទាល់ក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិបានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ និងបានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពានថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល, ចិញ្ចឹមសត្វ, ការធ្វើដំណើរ, ការដឹកជញ្ជូនសព្វបែបយ៉ាង ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេស បង្កើតមុខរបរ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។
សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទីទាល់ក្រ ចំនួន ៤៣៦គ្រួសារ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ២៥គក, មី ០១កេស, ប្រហុក ១កែវ ត្រីខ ១យួ ទឹកត្រី ១យួ និងថវិកាចំនួន ៥០០០០រៀល ផងដែរ៕
អត្ថបទ៖ លោក ញ៉ឹប បូរី