ប៉ៃលិន៖ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ខេត្តប៉ៃលិន ប្រារព្ធមេទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២៥ ដែលជាថ្ងៃសង្គ្រោះជីវិតប្រជាជនកម្ពុជាទូទាំងប្រទេស ឱ្យរួចផុតពីសេចក្ដីស្លាប់ បានរស់នៅប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ និងមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយក្ដីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា នៅគ្រប់ទីកន្លែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជិត ២ពាន់នាក់។
ក្នុងពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ ៧ មករា នោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន បានអានសន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយក្នុងរសន្ទរកថា បានបង្ហាញថាខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួផុតពី ការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
បន្ទាប់ពីជ័យជម្នះថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែករងសន្តិភាព ផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិ បានចាកផុតពីស្ថានភាព ដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើ គ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាព ជាទីបំផុត ។
ស្ថិតក្នុងអង្គមិទ្ទិញជាប្រវត្តិសាស្ត្រនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តប៉ៃលិនទាំងអស់ សូមលំឱនកាយគោរពវិញ្ញាណខន្ធ័ វីរៈយុទ្ធជនវីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបាន ធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលពោរពេញទៅដោយឈាម និងទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន ព្រមទាំងសុំធ្វើការចងចាំ និងបន្តថែរក្សាថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រអៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា និងការពារឲ្យបានគង់វង្សស្មារតី ៧មករា មិនឲ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករា វាយរំលំមកលើរាជរដ្ឋាភិបាលស្របច្បាប់ ដឹកដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឡើយ និងចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃយើងទាំងអស់គ្នា។
តាមរយៈអង្គមិទិញនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណ ចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្សជាដរាប៕
អត្ថបទ៖ លោក ញ៉ឹប បូរី