ប៉ៃលិន៖ នៅបរិវេណសាលាខេត្ត រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស A,B,C,D,E ទូទាំងខេត្ត ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត, លោក-លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៤នេះ គឺមានបេក្ខជនប្រឡងជាប់ទូទាំងខេត្តប៉ៃលិន សរុបចំនួន ៤០១នាក់ ស្រី ២៥១នាក់ ស្មើនឹង ៧២,៩១% ស្រី ៧៩,១៨% ក្នុងនោះ(និទ្ទេស A=០៥នាក់ ស្រី ០២នាក់, B=២៩នាក់ ស្រី ២៥នាក់, C=៦៦នាក់ ស្រី ៤៣នាក់, D=១៣៦នាក់ ស្រី ៨៧នាក់ និងនិទ្ទេស E=១៦៨នាក់ ស្រី ៩៤នាក់)។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ យើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តប៉ៃលិន គឺស្តែងចេញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបានសហការជួយបង្កលក្ខណៈឱ្យកូនចៅមករៀនបានទៀងទាត់ និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំ ដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួន និងប្រទេសជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាពក្នុងការទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បី ស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ ដល់សិស្សជាប់និទ្ទេស A ចំនួន ៩នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ Honda Wave ១គ្រឿង, និងលោកគ្រូ អ្នកគ្រូ ចំនួន ៥៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ លោក ញ៉ឹប បូរី