ប៉ៃលិន៖ បើតាមការបញ្ជាក់របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិន សរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣,៣៨% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ ដែលមានចំនួន ៤៩,១១៦ កើនឡើងចំនួន ៣៦២,៤៩% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៤៦៧នាក់ ប្រៀបធៀបនិងចំនួនភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២៣ ដែលមានចំនួន ៣,២៤៤នាក់ កើនឡើងចំនួន ១៣០,១៧%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ ដោយមានការគិតខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំណពេញក៍ដោយ ក៍រដ្ឋបាលខេត្ត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានអធឹកអធម ដូចជាការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប ភ្លើងបំភ្លឺចម្រុះពណ៌ ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ និងការប្រគុំតន្ត្រីខ្នាតធំមានតារាចម្រៀងល្បីមកពីរាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវម្ហូបអាហារ នំចំណី និងភេសជ្ជៈ ដោយឥតគិតថ្លៃផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ ជាពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
សូមរំលឹកថា៖ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម ហើយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង ៣រាត្រី។
អត្ថបទ៖ លោក ញ៉ឹប បូរី