ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងទប់ស្កាត់ ការរំលោភយកដីចំណីអូរ និងចំណីផ្លូវ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងស្ទឹង ឱ្យបានច្បាស់លាស់ ហើយត្រូវអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ ដោយចៀសវាងការយកដីចំណីផ្លូវធ្វើជាកន្លែងរស់នៅ ឬ រកស៊ី ដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនលោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានរៀបចំអនុក្រឹត្យ ស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវ ថ្នល់ និងផ្លូវរថភ្លើង ក្នុងគោលបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ ក៏ដូចជា កាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ ហើយជាងនេះទៅទៀត ក៏សំដៅកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងចំណីស្ទឹងនេះ សូមមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវធ្វើការបោះបង្គោលកំណត់ព្រំឱ្យច្បាស់ និងដាំដើមឈើ ជាពិសេសគឺការអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹង ហើយប្រសិនបើមានសាងសង់ធ្វើផ្ទះ ឬធ្វើកន្លែងអាជីវកម្មផ្សេងៗ តម្រូវឱ្យសូមច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមុខនានា ដែលបណ្តាលឱ្យខាតពេលវេលា និងថវិកា ព្រមទាំងងាយស្រួលដល់មន្ត្រីជំនាញក្នុងការគ្រប់គ្រង។
សូមរំលឹកថា៖ កន្លងមក អាជ្ញាធរ និងមន្ត្រីជំនាញខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ តែងតែបានចុះប្រតិបត្តិការរំដោះចំណីអូ ស្ទឹង និងចំណីផ្លូវសាធារណៈ ដែលបងប្អូនប្រជាពលរដ្ឋ តែងតែរំលោភយក ទៅប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាព ហើយមិនតែប៉ុណ្ណោះ ការបំពានដីចំណីផ្លូវ ចំណីអូ និងស្ទឹងនេះ ក៏ធ្វើឱ្យរាំងស្ទះដល់គម្រោងអភិវឌ្ឍន៍ និងពង្រីកជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ឱ្យមានភាពយឺតយ៉ាវ និងត្រូវចំណាយលុយរាប់លានដុល្លារក្នុងការដោះស្រាយសំណងដល់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ លោក ញ៉ឹប បូរី