ប៉ៃលិន៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោល «អ្នកចេះគឺជាប់»។
លោកជំទាវបណ្ឌិតបណ្ឌិតអភិបាលខេត្ត ក៍បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់។
តំណាងផ្នែកសន្តិសុខការប្រឡង បានឱ្យដឹងថា៖ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការប្រឡង និងត្រៀមពិនិត្យ ព្យាបាលបឋម សម្រាប់បេក្ខជនប្រឡង ដែលមានបញ្ហាសុខភាព ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សហការគ្នា តាមមើលថែរក្សាការពារ ក្មួយៗបេក្ខជនប្រឡង ២៤លើ២៤ម៉ោង ផងដែរ។
តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបៃលិន បានលើកឡើងថា៖ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ក៍មិនខុសពីឆ្នាំមុនៗនោះដែរ គឺឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានបន្តផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវ នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរ។
ក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡង អោយទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។
បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់បីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន ០២មណ្ឌល គឺទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន ២៤បន្ទប់ មានបេក្ខជនសរុបចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី